ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ស្ថាបនិកគម្រោងខុនដូសហគមន៍មួយកន្លែង បានបញ្ជាក់ថា ការចូលរួមចំណែកពីស្ត្រីនៅ ក្នុងវិស័យអាជីវកម្ម គឺជាផ្នែកមួយសំខាន់ក្នុង ការជំរុញការអភិវឌ្ឍវិស័យ SMEs នៅកម្ពុជា និងអាចជួយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមូលដ្ឋាន។
ក្នុងសិក្ខាសិលាពិភាក្សាលើប្រធានបទ “ស្រ្តីលើវិថីជាអ្នកដឹកនាំក្នុងសតវត្សទី ២១ លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូ Urban Village & Factory Phnom Penh បានលើកឡើងថា ស្រ្តីលើវិថីជាអ្នកដឹកនាំក្នុងសតវត្សទី ២១នេះ ត្រូវតែហ៊ានសម្រេចក្តីស្រមៃរបស់ខ្លួន ដោយត្រូវក្លាហ៊ានក្នុងការចេញប្រកបអាជីវកម្ម ដើម្បីក្លាយជាចំណែកមួយក្នុងការជំរុញវិស័យសហគ្រាស ធុនតូច និងមធ្យម ឬហៅកាត់ថា SMEs នៅកម្ពុជា អោយកាន់តែរីកចំរើន ស្របពេលមានការជំរុញនឹងលើកទឹកចិត្តពីស្រ្តីច្រើនពីរាជរដ្ឋាភិបាល និងវិស័យពាក់ព័ន្ធ។
លោកស្រីជឿជាក់ថា សិក្ខាសាលាមួយនេះ នឹងបើកឱកាសដ៏ល្អសម្រាប់ស្ត្រីកាន់តែមានទំនុកចិត្ត និងពុះពាររាល់ឧបសគ្គរួមទាំងខ្លួនឯង និងបរិស្ថានជុំវិញខ្លួនដើម្បីសម្រេចក្តីសុបិន ហើយហ៊ានឈានជើងចូលប្រឡូកក្នុងវិស័យអាជីវកម្ម។
កន្លងមកដើម្បីជួយគាំទ្រដល់អាជីវកម្ម Start up រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគំនិតផ្តួចផ្តើមមួយចំនួន ក្នុងនោះបង្កើតជាមជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ បង្កើតសហគ្រិនខ្មែរ បង្កើនមូលនិធិអភិវឌ្ឍន៍ជំនាញ និងធនាគារ SME ជាដើម ដើម្បីជួយទៅលើផ្នែកបច្ចេកទេស ផ្តល់មូលនិធិសម្រាប់ជីវកម្ម និងការផ្តល់ឥណទានក្នុងលក្ខណៈពិសេសជាដើម។
ហើយបើមើលពីទំហំនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកាលពីឆ្នាំ២០២១កន្លងទៅវិញ មានតម្លៃច្រើនជាង៩០០លានដុល្លារ ដែលមានទំហំប្រហែលពី៣ទៅ៤% នៃGDPកម្ពុជា។
គួរបញ្ជាក់ដែរថា សិក្ខាសាលាខាងលើនេះ ក៏មានការចូលរួមសម្របសម្រួល រួមជាមួយវាគ្មិនកិត្តិយសរួមមាន ឧកញ៉ា កែវ មុំ លោកជំទាវ សេង តក្កនារី អ្នកនាង ស៊ុន ស៊ីហនិតនោវី និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែករឿងរ៉ាវបំផុសគំនិតល្អៗ ចំណេះដឹង ព្រមទាំងបទពិសោធន៍ដ៏តម្លៃផ្ទាល់ខ្លួនរបស់ពួកគាត់ ក្នុងគោលបំណងផ្តល់កម្លាំងចិត្តដល់យុវជន ជាពិសេសស្ត្រីឱ្យមានភាពក្លាហាន មានសុទិដ្ឋិនិយម និងមានទំនុកចិត្តលើខ្លួនឯងក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ដើម្បីក្លាយទៅជាស្រ្តីជាអ្នកដឹកនាំដ៏ប្រសើរ នាពេលអនាគត៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ អ៊ិន អាត