ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

មនុស្សរាប់ពាន់នាក់ថតស្រាតនៅលើឆ្នេរខ្សាច់អូស្ត្រាលី ដើម្បីបញ្ជ្រាបការយល់ដឹងពីជំងឺមហារីកស្បែក

មនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅលើឆ្នេរខ្សាច់មាត់សមុទ្រនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមជាផ្នែក១នៃពិធីសម្ដែងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកស្បែក។ ពិធីថតសម្ដែងបែបសិល្បៈនេះរៀបចំឡើងដោយអ្នកថតរូបជនជាតិអាមេរិកាំង ស្ប៉ិនសឺ.ធូនីក(Spencer Tunick) សហការជាមួយស្ថាប័នលើកកម្ពស់សុខភាពស្បែក។

 

 

 

 

 

ប្រទេសអូស្ត្រាលីមានអត្រាខ្ពស់បំផុត១ខាងចំនួនអ្នកកើតជំងឺមហារីកស្បែកនៅក្នុងពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមប្រឹក្សាជំងឺមហារីក។ កាលពីឆ្នាំ២០២០, ពលរដ្ឋអូស្ត្រាលី១៤០១នាក់បានស្លាប់ដោយសារជំងឺនេះ។

 

លោកស្កុតម៉ាក(Scott Maggs)ជាអ្នកបង្កើតគម្រោងឈ្មោះស្គីន.ឆេក.ឆេមភាន(Skin Check Champions)ប្រាប់ថាដើម្បីឲ្យគម្រោងនេះអាចបន្តដំណើរការទៅមុខបាន, គេត្រូវរៀបចំតុបតែងឆ្នេរខ្សាច់១ឆ្នូតនៃទីក្រុងស៊ីដនីទុកសម្រាប់ឧទ្ទិសជូនទៅអ្នកដែលចង់ដេកសំដិលហាលថ្ងៃទាំងខ្លួនអាក្រាត ឬហៅដោយខ្លីថា «ឆ្នេរខ្សាច់ស្រាត» ជាបណ្ដោះអាសន្ន ដែលជាព្រឹត្តិការណ៍ពុំធ្លាប់មានពីមុនមក។

 

លោកបានទាក់ទងមនុស្ស២ពាន់ ៥រយនាក់ដើម្បីមកដេកស្រាតតម្រៀបគ្នាដូចស្និតចេកនៅលើឆ្នេរខ្សាច់ នៅចំពោះមុខកាមេរ៉ាថតរូប។ នេះមិនមែនជាការថតបែបអាសអាភាសទេ ប៉ុន្តែថតបែបសិល្បៈ។

 

 

 

 

 

បន្ទាប់មក អ្នកខ្លះរត់ចុះទឹកសមុទ្រតែម្ដង។ ការថតរូបសម្ដែងដើម្បីផ្សព្វផ្សាយបែបនេះធ្លាប់ធ្វើលើកចុងក្រោយកាលពីឆ្នាំ២០១០។ កាលនោះមានអ្នកចូលរួមជាង៥ពាន់នាក់ដោះសម្លៀកបំពាក់អស់រលីងពីខ្លួនហើយដេកសំដិលនៅពីមុខរោងមហោស្រពទីក្រុងស៊ីដនី អូប៉េរ៉ា.ហាវ(Opera House)។

 

ក្រោយមក គេបានប្រកាសចាត់ទុកតំបន់ឆ្នេរនេះ១ផ្នែកជាឆ្នេរខ្សាច់ស្រាតជាបណ្ដោះអាសន្ន បន្ទាប់ពីអាជ្ញាធរកែសម្រួលច្បាប់ទម្លាប់ដើម្បីអនុញ្ញាតឲ្យរៀបចំពិធីសម្ដែងនេះរហូតដល់ចប់សព្វគ្រប់។

 

 

 

 

 

 

 

លោកធូនីកដែលល្បីស្រាប់ខាងថតឈុតអាក្រាតកាយជាហ្វូងបែបនេះជាយូរមកហើយ លោកកត់សម្គាល់ថាហាក់ដូចជាមានស្នាំជាំនៅលើខ្នងរបស់លោក មុនពេលចេញដំណើរទៅអូស្ត្រាលី។

 

នៅពេលលោកសម្លឹងស្នាមនេះកាន់តែកៀក លោកកាន់តែមានចិត្តភិតភ័យ ខ្លាចកើតមហារីកស្បែក។ ប៉ុន្តែនៅពេលទៅពិនិត្យនៅពេទ្យគេប្រាប់ថាជាជំងឺសើស្បែកធម្មតា៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025