ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ក្រសួងការពារជាតិឈ្នះមេដាយមាស ៩ គ្រឿង ពីការប្រកួតកីឡាអត្តពលកម្ម

០១ ធ្នូ ២០២២ | កីឡា


 
ភ្នំពេញ៖ ការប្រកួតកីឡាអត្តពកម្ម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ បានបញ្ចប់ការប្រកួតដោយជោគជ័យ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។


ដែលពិធីបិទការប្រកួតនេះ មានការអញ្ជើញចូលរួមក្រោមវត្តមានលោកឧត្តមសេនីយ៍ ផៃ សុខ អនុប្រធានតំណាងឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធកីឡា អត្តពលកម្មខ្មែរស្ម័គ្រចិត្ត និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដើម្បីបំពាក់មេដាយ និងផ្ដល់ជូនប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ ជ័យលាភី ។

 


 
លោកឧត្តមសេនីយ៍ ផៃ សុខ បានមានប្រសាសន៍ថា «ការប្រកួតនេះបានបញ្ចប់ដោយជោគជ័យ ទាំងគណៈកម្មការរៀបចំ គណៈកម្មការឲ្យពិន្ទុ និងការប្រកួតរបស់កីឡាករ-កីឡាការិនីជាដើម គឺសុទ្ធតែប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ។ តាមរយៈការប្រកួតនេះ លោករំពឹងថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ប្រភេទកីឡាអត្តពកម្ម នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំទទួលក្រុមភ្ញៀវមកពីបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន»។

 

 

អនុប្រធានសហព័ន្ធកីឡាអត្តពលកម្ម បញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងដើម្បីចូលរួមក្នុងកម្មវិធីប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ក្នុងពង្រឹងក៏ដូចជាដុះខាត់សមត្ថភាពអត្តពលិក ជាពិសេសការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

 

 

អនុប្រធានដ៏ដែលបន្តថា ដោយទទួលបាន ការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបម្រុង ពីក្រសួងអប់រំយុវជន និងកីឡា និងការខិតខំបំពេញការងាររបស់មន្ត្រីសហព័ន្ធ ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតី បំពេញភារកិច្ចប្រកបដោយភាពជោគជ័យ ។
 


 
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអត្តពកម្មក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១នេះ បានចាបផ្តើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយធ្វើការប្រកួតលើ២៨វិញ្ញាសា ក្នុងនោះក្រសួងការពារជាតិឈ្នះមេដាយមាស ៩ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ខេត្តពោធិ៍សាត់ឈ្នះមេដាយមាស ៥ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តស្វាយរៀងឈ្នះមេដាយមាស ៤ គ្រឿង និងប្រាក់ ១ គ្រឿង ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៣ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តព្រៃវែងឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៥ គ្រឿង និងខេត្តកំពតឈ្នះមេដាយមាស ២ គ្រឿង និងប្រាក់ ២ គ្រឿង ។ ចំណែកភ្នំពញឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ធំឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ៦ គ្រឿង៕

 

 

អត្ថបទ  និងរូបភាព ៖  សារ៉ាន  ទីងី

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024