ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi ថាប្រកួតទល់នឹងវិសាខា ជាការប្រកួតដែលកាត់សេចក្តីរកជើងឯក

២៥ ​វិច្ឆិកា ២០២២ | កីឡា

 

មុនជំនួបលីគកំពូលកម្ពុជាសប្ដាហ៍ទី២៦ រវាង វិសាខា ទល់នឹង ភ្នំពេញក្រោន នៅចុងសប្តាហ៍នេះ គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynkyi បានលើកឡើងថា ការប្រកួតនេះ ប្រៀបបាននឹងការប្រកួតកាត់សេចក្តីដើម្បីស្វែងរកឃើងឯកផងដែរ ។

 

 

នៅលើបណ្តាញសង្គមរបស់ក្លិបកាលពីពេលថ្មីនេះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងថា៖«នេះគឺជាការប្រកួតដែលកាត់សេចក្តី ហើយសម្រាប់គោលដៅរបស់យើងគឺ ៣ ពិន្ទុពីការប្រកួតនេះ ខ្ញុំរំពឹងថាវាគឺជាការប្រកួតជក់ចិត្តមួយសម្រាប់អ្នកគាំទ្រនៅថ្ងៃសៅរ៍នេះ ។

 

 

កីឡាកររបស់យើងគឺកំពុងធ្វើបានល្អ ពួកគេមានការលើកទឹកចិត្ត និងភាពជឿជាក់។ ការហ្វឹកហាត់បានបង្ហាញឲ្យខ្ញុំដឹងថាកីឡាកររបស់យើងកំពុងតែធ្វើការខ្លាំងណាស់ និងកំពុងស្រេកឃ្លានការប្រកួត»។

 

 

គួរដឹងផងដែរថា ឆ្លងកាត់ការប្រកួត២៥ប្រកួតកន្លងមក ភ្នំពេញក្រោន មាន៤៦ពិន្ទុ រីឯ វិសាខា មាន៤៩ពិន្ទុ ។ ដូច្នេះភ្នំពេញក្រោន ត្រូវការឈ្នះដាច់ខាតដើម្បីឡើងទៅឈរនៅកំពូលតារាងវិញ និង រង់ចាំអ៊ុតមើលការប្រកួតសប្តាហ៍ទី២៧ជាបន្ត ដើម្បីស្វែងរកជើងឯករដូវកាលឆ្នាំ២០២២ ។

 

 

ប្រសិនបើករណីភ្នំពេញក្រោន ចាញ់វិសាខា នោះវិសាខានឹងក្លាយជាជើងឯករដូវកាលនេះដោយស្វ័យប្រវត្តិ ទោះបីជានៅសល់ការប្រកួតមួយប្រកួតទៀតយ៉ាងណាក្តី ។សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី២៦ រវាងវិសាខា និង ភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃទី ២៦ វិច្ឋិកា វេលាម៉ោង ៦និង៣០នាទីល្ងាច នាកីឡដ្ឋាន Prince ៕

 

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024