ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
សមាគម កីឡា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើប្រភេទកីឡា ជឺជីត-ស៊ូ ពីព្រឹត្តិការកីឡាជាតិលើកទី៣ ដែលបានបិទបញ្ចប់ កាលពី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីដំណើរការប្រកួត អស់រយៈពេល៤ថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ក្នុងនោះជាលទ្ធផល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាំមុខគេទទួលបាន មេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង មេដាយសំរឹទ្ធ ១គ្រឿង ចំណាត់លេខ២។
ចំណាត់ថ្នាក់លេខ២ បានទៅ សមាគម ក្រសួងការពារជាតិ មេដាយមាស ២គ្រឿង សំរឹទ្ធ៤គ្រឿង ។ ចំណាត់ថ្នាក់លេខ៣ សមាគមកីឡា រាជធានីភ្នំពេញ បានមេដាយមាស១គ្រឿង ប្រាក់ ៤គ្រឿង និង សំរឹទ្ធ ១គ្រឿង ។ឯចំណាត់ថ្នាក់ លេខ៤ ក្រសួងមហាផ្ទៃ មេដាយមាស ១គ្រឿង ប្រាក់១ សំរឹទ្ធ៣ និងចំណាត់ថ្នាក់លេខ៥ ខេត្តបាត់ដំបង ដណ្ដើមបានមេដាយសំរឹទ្ធ៣គ្រឿង ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តី កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ និងបន្តជួយប្រភេទកីឡាជឺជីតស៊ូ ក្នុងរៀបចំព្រឹត្តិការណ៍ប្រកួតនានា នៅពេលខាងមុខ ពិសេសការប្រកួតកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដើម្បីឱ្យទទួលបានមេដាយកាន់តែច្រើនជូនព្រះរាជាណាចក្រកម្ពុជា ។
ក្នុង ពិធីបិទការប្រកួតកីឡាជឺជីតស៊ូ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ ប្រព្រឹត្តទៅក្រោមវត្តមាន លោក ហួរ សុមេធ តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការអូឡាំពិកកម្ពុជា ៕
អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី