ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ទីក្រុងZhenghzhou របស់ប្រទេសចិនដែលជាទីក្រុងមួយមានរោងចក្រ iPhone ត្រូវបានអាជ្ញាធរចិនដាក់ចេញនូវវិធានការជំងឺកូវីដ១៩ បិទខ្ទប់សង្កាត់ជាច្រើន នៅក្នុងទីក្រុងនេះ បន្ទាប់ពីកើតមានបាតុកម្មឈានដល់ការប៉ះទង្គិចរវាងបាតុករនិងប៉ូលីសនៅរោងចក្រ។
ពលរដ្ឋរស់នៅទីក្រុងZhenghzhou មិនអាចចាកចេញពីតំបន់ខ្លួនរស់នៅបានឡើយ រហូតដល់ពួកគេតេស្តអវិជ្ជមានជំងឺកូវីដ១៩ និងទទួលបានការអនុញាតិពី អាជ្ញាធរ។ អាជ្ញាធរ បានណែនាំមិនឱ្យពលរដ្ឋចាកចេញពីលំនៅដ្ឋានឡើយ ប្រសិនបើគ្មានការចាំបាច់។ នេះបើតាមការឱ្យដឹងពីរដ្ឋាភិបាលចិន។
ការរឹតបន្តឹងមានរយៈពេល៥ថ្ងៃរាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃសុក្រតទៅ ដែលប៉ះពាល់ដល់ពលរដ្ឋច្រើនជាង៦លាននាក់ ប្រហែលចំនួនពលរដ្ឋពាក់កណ្តាល ក្នុងទីក្រុង។
ការណែនាំរបស់រដ្ឋាភិបាលចេញនៅល្ងាចថ្ងៃពុធ(២៣វិច្ឆិកា) ក៏បានតម្រូវឱ្យពលរដ្ឋក្នុងសង្កាត់ចំនួន៨ធ្វើតេស្តជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ ផងដែរអំឡុងពេលរឹត បន្តឹង៥ថ្ងៃ។
បទបញ្ជាឱ្យបិទខ្ទប់ទីក្រុងZhengzhouធ្វើឡើងក្រោយកើតមានបាតុកម្មហិង្សានៅរោងចក្រiPhoneដ៏ធំនៅក្នុងទីក្រុង។
រោងចក្រផលិតiPhoneនេះ ជារោងចក្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំរបស់តៃវ៉ាន់មានឈ្មោះថា Foxconn ជារោងចក្រស្ថិតនៅក្រោមការរឹតបន្តឹងវិធានការជំងឺកូវីដ១៩មកប្រហែលជា១ខែហើយនៅពេលមានផ្ទុះឆ្លងជំងឺកូវីដ១៩នៅរោងចក្រ។
តួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅប្រទេសចិននៅថ្ងៃព្រហស្បតិ៍មាន៣១៤៥៤នាក់ ជាបរិមាណតិចបើធៀបនឹងចំនួនពលរដ្ឋចិន១,៤ពាន់លាននាក់ ប៉ុន្តែតួលេខនេះជាតួលេខខ្ពស់បើធៀបនឹងអំឡុងពេលប្រទេសចិនផ្ទុះឆ្លងជំងឺកូវីដ១៩ខ្លាំងបំផុតនៅខែមេសានៅពេលទីក្រុងសៀងហៃត្រូវបិទខ្ទប់។
ប្រែសម្រួល៖ណាវ័ន្ត