ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បើកការប្រកួតកីឡារាំ កីឡាជាតិ លើកទី៣ ឆ្នាំ2022

២៤ ​វិច្ឆិកា ២០២២ | កីឡា

 

ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ លើប្រភេទកីឡារាំបានបើកការប្រកួតជាផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា។

 

 

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធបញ្ជាក់ថា ការប្រកួតនេះមានប្រតិភូកីឡាករ កីឡាការិនីសរុប៣៩នាក់ មកពី៤ក្រសួង-ខេត្ត ដោយប្រកួតលើវិញ្ញាសាចំនួន៤ គឺវិញ្ញាសារាំគូ Latin 5 Dance (កម្រិត A), វិញ្ញារាំគូ Standard 5 Dance (កម្រិត A), វិញ្ញាសា Breaking Dance B Boy 1 និងវិញ្ញាសា Breaking Dance B Girl 1។ 

 

 

ការរៀបចំប្រកួតនៃកីឡាជាតិ លើកទី៣នេះ គឺក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍកីឡារាំកម្ពុជាឲ្យដូចបណ្តាលប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញនូវជំនាញរាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឲ្យយុវវ័យចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។

 

 

លោកស្រីអគ្គលេខាធិការបន្ថែមថា តាមរយៈការប្រកួតនេះ គឺសហព័ន្ធនឹងផ្ដល់ឱកាសដល់យុវជននិងយុវនារីដែលមានទេពកោសល្យ និងជំនាញរាំ ច្បាស់លាស់ ឲ្យក្លាយជាកីឡាករ កីឡាការិនីជាតិរបស់សហព័ន្ធដើម្បីទទួលបានការហ្វឹកហាត់បន្ថែមពីសហព័ន្ធជាតិ និងអន្តរជាតិ។ ក្នុងនោះផងដែរក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្រទាំងថវិកា និង កម្លាំងកាយចិត្តពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ CAMSOC គណៈកម្មការជាតិអូឡាំពិក កម្ពុជា លោកជំទាវប្រធាន លោកជំទាវអនុប្រធាន លោកឧកញ៉ាអនុប្រធាន លោកគ្រូ អ្នកគ្រូ និងក្រុមគណៈកម្មការ ទាំងអស់នៃសហព័ន្ធកីឡារាំកម្ពុជា។

 

 

គួរបញ្ជាក់ថា លទ្ធផលផ្លូវការប្រកួតសម្រាប់ថ្ងៃដំបូង បានបញ្ចប់លើវិញ្ញាសាចង្វាក់ក្បាច់ Standard 5 Dance (កម្រិត A) ដោយមេដាយមាសបានទៅលើ កីឡាករកីឡាការិនី សាន រ៉ូហ្សា-ភុន ស៊ីវុត្រា ក្រសួងមហាផ្ទៃ, មេដាយប្រាក់ កីឡាករ កីឡាការិនី សេង សុគីម និងម៉ូវ ដានីតា មកពីក្រសួងមហាផ្ទៃ ខណៈមេដាយសំរឹទ្ធ បានទៅលើកីឡាករ កីឡាការិនី សេង សុក័ង និង ឱ រចនី មកពីខេត្តកណ្តាល៕

 

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024