ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កីឡាជាតិលើកទី៣ សហព័ន្ធសម្រិត សម្រាំងបានកីឡាករ កីឡាការិនីថ្មីៗ មានសមត្ថភាពខ្ពស់ អាចប្រកួតនៅលើឆាតអន្តរជាតិ

២៣ ​វិច្ឆិកា ២០២២ | កីឡា

 

 

បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៤ថ្ងៃ និងបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គលេខាសហព័ន្ធវ៉ូវីណាម អះអាងថា ក្រោយការប្រកួតជាច្រើនថ្ងៃសហព័ន្ធវ៉ូវីណាមសម្រិត សម្រាំងបានកីឡាករ កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេព្យកោសល្យ និងមានសមត្ថភាពខ្ពស់ អង់អាចក្លាហាន អាចប្រកួតប្រជែងនៅលើឆាតអន្តរជាតិបាន។

 


លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឱ្យដឹងថា ឆ្លងកាត់ការប្រកួតប៉ុន្មានថ្ងៃនេះ កីឡាករ កីឡាការិនី បានខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់បានត្រឹមត្រូវ និងមានសីលធម៌ខ្ពស់ ។ ចំណែកមន្ត្រី អ្នករៀបចំការប្រកួតមានការយល់ដឹងច្រើន ក្នុងការរៀបចំដឹក នាំ ប្រ ភេទ កីឡាវ៉ូវីណាម ស្របតមស្តងដារអន្តរជាតិ ។ 

 

 

លោក បន្ថែមថា ចៅក្រមអជ្ញាកណ្តាលរៀបចំការប្រកួតពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំប្រកួតនានា ជាបិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ដោយឡែក ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឱ្យដឹងថា តាមរយៈការប្រកួតនេះដែរ គឺយើងបានលើកកម្ពស់ស្មារតីស្ថាប័នតែមួយ ព្រមជាមួយនឹងការយកចិត្តទុកដាក់ទៅដល់ការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី របស់សហព័ន្ធវ៉ូវីណាមប្រកបដោយវិន័យ សេចក្តីថ្លៃថ្នូរ គុណភាព គុណវុឌ្ឍ សមត្ថភាព ប្រសិទ្ធភាពការងារ និងស្មារតីទទួលខុសត្រូវខ្ពស់។ 

 

 

ការប្រកួតនេះ ជាការវាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែមរបស់កីឡាករ កីឡាការិនី នៅក្នុងកម្រិតនៃក្របខ័ណ្ឌការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង និងដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ធ្វើការកែលម្អចំណុចខ្វះខាតទាំងអស់នោះ ក្នុងន័យចូលរួមការប្រកួតប្រកបដោយសក្តានុពល និងពោរពេញដោយលក្ខណៈបច្ចេកទេសខ្ពស់ សម្រាប់ការប្រកួត ស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣។ 

 

 

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ សមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដែល ដណ្តើមបានចំណាត់ថ្នាក់លេខ១ដោយឈ្នះមេដាយមាស៨ ប្រាក់២ និងសំរឹទ្ធិ១, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៧ ប្រាក់៤ និងសំរឹទ្ធិ, លេខ៣ខេត្តស្វាយរៀង មេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធិ១, លេខ៤ ខេត្តព្រៃវែង មេដាយមាស២ ប្រាក់៦ និងសំរឹទ្ធិ២, លេខ៥ ខេត្តប៉ៃលិន មេដាយប្រាក់២ និងសំរឹទ្ធិ៤, លេខ៦ ខេត្តកំពង់ស្ពឺ មេ ដាយ មាស១  និងសំរឹទ្ធិ៣, ខណៈទី៧ និងទី៨ បានទៅខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ បានមេដាយម្នាក់សំរឹទ្ធិ៣ គ្រឿង ៕

 

 

 

អត្ថបទ  និងរូបភាព ៖ ប៉ុន សុភាព

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024