ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
សត្វកណ្ដុរយក្សជាច្រើនក្បាលដែលបំពាក់សាក់កាដូខ្នាតតូចបង្កប់បច្ចេកវិទ្យាទំនើប កំពុងទទួលការហ្វឹកហ្វឺនជំនាញខាងស្វែងរក និងជួយសង្គ្រោះមនុស្ស។ វគ្គបំប៉ននេះរៀបចំឡើងនៅប្រទេសតង់ហ្សានី និងរ៉ាប់រងធ្វើដោយក្រុមហ៊ុនមិនគិតប្រាក់កម្រៃ១របស់បែលហ្សិចឈ្មោះអាប៉ូប៉ូ(APOPO) ដែលធ្លាប់មានស្នាដៃនៅក្នុងការបង្ហាត់សត្វកណ្ដុរ និងឆ្កែដើម្បីរាវមីន។
សម្រាប់ពេលបច្ចុប្បន្ននេះ, គេសម្លឹងឃើញថាសត្វកណ្ដុរក្លាយជាជម្រើសដ៏ល្អ១ ដោយសារគេចំណាយលុយតិចតួចទៅលើចំណីអាហាររបស់វា វាមានមាឌតូចងាយស្រួលទុកដាក់ និងរហ័សរហួន។ សត្វកណ្ដុរក៏អាចបង្ហាត់ជំនាញដូចសត្វឆ្កែផងដែរ។
ពួកវាក៏ពូកែហិតក្លិន មានមាឌតូចងាយស្រួលប្រជ្រៀតខ្លួន និងបត់បែនយ៉ាងប៉ិនប្រសប់នៅក្នុងប្រឡោះតូចៗដោយមិនពិបាក។ ដូច្នេះនៅក្នុងករណីមានគ្រោះធម្មជាតិកើតឡើង ទោះបីជនរងគ្រោះត្រូវជាប់ផុងនៅក្នុងទីចង្អៀតយ៉ាងណាក៏ដោយ ក៏សត្វកណ្ដុរអាចរកឃើញបានដែរ។ នេះជាការអះអាងរបស់បណ្ឌិតដូណា.ឃាន(Donna Kean)ជាប្រធានក្រុមអ្នកស្រាវជ្រាវ។
កណ្ដុរនៅទីនេះមិនមែនជាប្រភេទសត្វកណ្ដុរឥតប្រយោជន៍នៅតាមផ្ទះ ឬនៅក្នុងលូទឹកស្អុយដែលស៊ីកាកសំណល់ផ្ទះបាយ និងចម្លងជំងឺតម្កាត់នោះទេ។ ពួកវាជាកណ្ដុរយក្សរបស់អាហ្វ្រិកដែលអាចមានទម្ងន់រហូតដល់១គីឡូកន្លះ។
ពួកវាមិនត្រឹមតែអាចទទួលការបណ្ដុះបណ្ដាលជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់បានយូរជាងសត្វកណ្ដុរដទៃទៀត។ ពួកវាខ្លះអាចរស់បានដល់៨ឆ្នាំទៅ១០ឆ្នាំ។ មានន័យថាបន្ទាប់ពីឆ្លងកាត់ការហ្វឹកហ្វឺនដែលអាចស៊ីពេលរហូតដល់៩ខែ ឬ១ឆ្នាំ, ពួកវានៅមានពេលវេលាវែងឆ្ងាយតទៅមុខទៀតដើម្បីបំពេញភារកិច្ច និងការងារនៅក្នុងអាជីពរបស់ខ្លួន។
វគ្គបណ្ដុះបណ្ដាលសត្វកណ្ដុរទាំងនេះចាប់ផ្ដើមកាលពីខែសីហា ឆ្នាំ២០២១ ដោយមានសាកលវិទ្យាល័យ១នៅប្រទេសតង់ហ្សានីជាអ្នកទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ។ មេរៀនសំខាន់ៗនៅក្នុងវគ្គនេះមានដូចជាការកំណត់ទីតាំងមនុស្សនៅក្នុងតំបន់រងគ្រោះ ក្រោយការរញ្ជួយដីជាដើម។
ពួកវាបំពាក់សាក់កាដូដែលមានកាមេរ៉ាថតរូប និងឧបករណ៍ថតសំឡេង។ ពួកវាក៏ទទួលការបំប៉នជំនាញផ្នែកចុចកុងតាក់ឲ្យសញ្ញានៅបរិវេណករបស់វា នៅពេលរកឃើញជនរងគ្រោះ។
ក្រោយពេលហ្វឹកហាត់ស្ទាត់ជំនាញ, គេនឹងបញ្ជូនពួកវាទៅប្រទេសតួកគីដើម្បីបំប៉នជំនាញជាមួយក្រុមស្រាវជ្រាវរបស់តួកគី។ នៅពេលបញ្ចប់វគ្គទាំងនេះដោយជោគជ័យ, គេអាចយកពួកវាទៅប្រើការនៅក្នុងការស្វែងរក និងជួយសង្គ្រោះមនុស្សនៅពេលមានគ្រោះធម្មជាតិ៕
ប្រែសម្រួល៖ អន សំអាង