ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ប្រមុខដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជារំពឹងទទួលបានមេដាយមាសយ៉ាងហោចណាស់២គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្ហាញភាពវិជ្ជមានលើការប្រជែងមេដាយមាសជូនជាតិពីកីឡាស៊ីហ្គេម នៅកម្ពុជា ដែលអាចនឹងទទួលបានស្របតាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្តមបានលើកឡើងថា បើមើលពីសមត្ថភាព និងបច្ចេកទេស របស់កីឡាករម៉ូតូទឹកកម្ពុជា តាមរយៈការប្រកួតកម្រិតអន្តរជាតិជាបន្តបន្ទាប់ ឃើញថា កីឡាករ៣រូបដែលជាសិស្សប្អូនរបស់វីរកីឡាករ សាលី អ៊ូម៉ើត គឺមានការរីកចម្រើនខ្លាំង។ ជាក់ស្តែងកីឡាករ កៃ វ៉ាន់ស៊ីដែន មានលទ្ធភាពប្រជែងដណ្តើមបានមេដាយមាសពីការប្រកួតម៉ូតូទឹកកម្រិតពិភពលោក ដែលជាការប្រកួតកម្រិតខ្ពស់រៀបចំដោយ សហព័ន្ធកីឡាម៉ូតូទឹកអន្តរជាតិ។ ដូច្នេះ សម្រាប់ការប្រជែងមេដាយមាសជូនកម្ពុជានៅស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធរំពឹងដណ្តើមបានច្រើនគ្រឿង។
ឯកឧត្តមប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា ៖«សម្រាប់ធនធានកីឡាករម៉ូតូទឹកកម្ពុជាមានសក្កានុពលមែន ប៉ុន្តែប្រភេទកីឡានេះ គឺបញ្ជាម៉ាស៊ីន ប្រសិនបើខួចពេលកំពុងប្រកួត យើងនឹងចាញ់គេ។ ដើម្បីឲ្យកីឡាករម៉ូទឹកកម្ពុជាទទួលបានជោគជ័យសម្រាប់ការដណ្តើមមេដាយជូនជាតិស្របតាមផែនការដែលបានគ្រោងទុក សហព័ន្ធចាំបាច់ត្រូវពង្រឹងធនធានជាប្រចាំសម្រាប់សហព័ន្ធបន្ថែមទៀត។
ជាពិសេស ធនធានចៅក្រម អាជ្ញាកណ្តាល ត្រូវតែបណ្តុះបណ្តាលឲ្យបានច្រើននាក់។ ធ្វើយ៉ាងណាឲ្យសហព័ន្ធមានសំលេងតវ៉ានៅពេលមានភាពមិនប្រក្រតីណាមួយកើតឡើងចំពោះកីឡាករកម្ពុជា។ សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Series ឆ្នាំ២០២២ ជុំទី២ នៅ រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក កម្ពុជាបានបញ្ជូនកីឡាករជម្រើសជាតិ៥រូបគឺ កីឡាករ សាលី អ៊ូម៉ើត, សាលី ហ្វីលីន , មីន ម៉ូស្តាន់ , មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន។ ជាលទ្ធផល កៃ វ៉ាន់ស៊ីដែន ដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាដែលមានប្រទេស២៣ចូលរួមប្រកួត៕
អត្ថបទ និងរូបភាព ៖ ប៉ុន សុភាព