ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

ភាពយន្ត Zombie កូរ៉េធំៗ២រឿងត្រៀមវាយលុករោងភាពយន្ត ក្រោយកូវីដ១៩

២៥ មិថុនា ២០២០ | កម្សាន្ដ

ភាពយន្តអំពីខ្មោច Zombie ពីររឿងកំពុងត្រៀមវាយលុករោងភាពយន្តក្នុងប្រទេសកូរ៉េ ក្នុងនោះរួមមានភាពយន្ត “ALIVE” និងភាពយន្ត “Train to Busan” វគ្គ២។

 

បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩បានធូរស្បើយ នៅពេលនេះរោងភាពយន្តក្នុងប្រទេសកូរ៉េខាងត្បូងបានបើកដំណើរការវិញបណ្ដើរៗហើយ ថែមទាំងមានភាពយន្ត Zombie គួរឲ្យចាប់អារម្មណ៍ពីររឿងត្រៀមអង្រួនអារម្មណ៍អ្នកទស្សនា។


ភាពយន្តទីមួយគឺរឿង “ALIVE” សម្ដែងដោយ Yoo Ah In (យ៉ូ អាអ៊ីន) និង Park Shin Hye (ផ័ក ស៊ិនយ៉េ)។ សាច់រឿងភាពយន្តនេះរៀបរាប់អំពីការរាតត្បាតដែលធ្វើឲ្យមនុស្សក្នុងទីក្រុងទាំងអស់ក្លាយជាខ្មោច Zombie ហើយតួឯក យ៉ូ អាអ៊ីន និង ផ័ក ស៊ិនយ៉េ ត្រូវព្យាយាមគេចផុតពីការវាយប្រហារនេះឲ្យបាន ខណៈដែលពួកគេស្ថិតលើអគារខ្ពស់។ ធ្លាប់តែឃើញការរត់គេចពី Zombie លើរថភ្លើង ចាំមើលការរត់គេចពី Zombie លើអគារខ្ពស់ៗវិញនឹងទៅជាយ៉ាងណា?

 


ភាពយន្ត “ALIVE” នឹងចេញបញ្ចាំងតាមរោងភាពយន្តក្នុងប្រទេសកូរ៉េចាប់ពីថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ។


និយាយដល់ការរត់គេចពីខ្មោច Zombie លើរថភ្លើង ទស្សនិកជនភាគច្រើនប្រាកដជានឹកឃើញភាពយន្តកូរ៉េដ៏ល្បីល្បាញមួយទៀតគឺរឿង “Train To Busan” ដែលបានធ្វើឲ្យភាពយន្ត Zombie របស់កូរ៉េចាប់ផ្ដើមទទួលការចាប់អារម្មណ៍ទូទាំងពិភពលោក។ ក្រោយស្ងប់ស្ងាត់រយៈពេល ៤ឆ្នាំ នៅពេលនេះវគ្គពីររបស់រឿងនេះបានមកដល់ហើយ ដោយមានចំណងជើងថា “Peninsula”។

 

 

ខុសពីវគ្គមួយដែលនិយាយពីការរត់គេចពីខ្មោច Zombie លើរថភ្លើង ភាពយន្តវគ្គពីរនេះនឹងបង្ហាញពីការវិលត្រលប់មកប្រឈមមុខនឹងពួក Zombie វិញរបស់តួអង្គ Joeng Seok (ចុង សុក) ដែលសម្ដែងដោយ Gang Dong-won (ក័ង ដុងវ៉ុន)។ ចង់ដឹងថាការប្រឈមមុខនឹងពួក Zombie លើកនេះមានភាពរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងណាខ្លះនោះ មានតែរង់ចាំតាមដានទាំងអស់គ្នា ដោយភាពយន្ត “Peninsula” នឹងចេញបញ្ចាំងនៅប្រទេសកូរ៉េនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ ៕

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025