ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥

កម្ពុជាទទួលបានការកោតសើរពីបណ្ដាប្រទេសអាស៊ី ចំពោះការជំរុញចលនាស្ដ្រីក្នុងកីឡា

០៣ ​វិច្ឆិកា ២០២២ | កីឡា

 

ភ្នំពេញ៖ កម្ពុជា បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការជំរុញចលនាស្ដ្រីក្នុងវិស័យកីឡា។ នេះ បើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការអន្ដរជាតិ បន្ទាប់ពីលោកបានចូលរួមសិក្ខាសាលា ស្តីពីសមភាពយែនឌ័រ ក្នុងវិស័យកីឡា Olympic Council of Asia Gender Equity seminar នៅប្រទេសបារ៉ែន កាលពីថ្មីៗ។

 

 

លោក ញ៉ាន សុខវិសាល បានឲ្យដឹងថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២២ ដោយមានតំណាងគណៈកម្មាធិការជាតិអូឡាំពិក នៃបណ្ដាប្រទេសអាស៊ីចំនួន ៤២ប្រទេសចូលរួម ពិសេសផ្នែកគណៈកម្មការស្ដ្រី និងកីឡា ក្នុងនោះក៏មានវត្តមានតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ២រូបដែរ គឺរូបលោក និងលោកស្រី ប្រាក់ សម្ផស្ស អនុប្រធានគណៈកម្មការស្ដ្រី និងកីឡា។លោកថា ក្នុងចំណោមប្រតិភូអូឡាំពិកអាស៊ីទាំង ៤២ប្រទេស ដែលចូលរួមសិក្ខាសាលាខាងលើ មានតែ៤ប្រទេសប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញ ក៏ដូចជាចែករំលែកពីចលនាស្ដ្រីក្នុងវិស័យកីឡា តាមប្រទេសរបស់ខ្លួន រួមមានកម្ពុជា ប៊ូតាន ម៉ុងហ្គោលី និងម្ចាស់ផ្ទះបារ៉ែន។

 

 

មន្ដ្រី NOCC ដដែលបន្ដថា «បទបង្ហាញរបស់យើង គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ស្ដ្រី របៀបយ៉ាងម៉េចក្នុងចលនាអូឡាំពិក ពិសេសកំឡុងពេលកូវីដ-១៩។ យើងក៏បានរៀបចំសិក្ខាសាលារបស់ស្ដ្រីផងដែរ ជាក់ស្ដែងពេលនោះ យើងបានរៀបចំឲ្យ ស៊ន សៀវម៉ី និង ហែមថុន វិទិនី ចែករំលែក លើកទឹកចិត្ត និងបង្ហាញនូវរបៀបហាត់ប្រាណមួយចំនួន ដើម្បីឲ្យពួកគាត់ហាត់ប្រាណជាប្រចាំ តាមការណែនាំរបស់ពួកយើង ដើម្បីកុំឲ្យពួកគាត់ស្ដ្រេស កំឡុងពេលបិទខ្ទប់នៅផ្ទះ ដោយសារវិបត្តិកូវីដ-១៩ នោះ»។

 

 

លោក ញ៉ាន សុខវិសាល បានសង្កត់ធ្ងន់ថា «តាមរយៈការធ្វើបទបង្ហាញរបស់យើងនេះ យើងបានទទួលការកោតសរសើរ ពីបណ្ដាប្រទេសជាមិត្តក្នុងទ្វីបអាស៊ីទាំងអស់ថា កម្ពុជាធ្វើបទបង្ហាញបានយ៉ាងល្អ ពិសេសគឺការជំរុញចលនាស្រ្ដីក្នុងវិស័យកីឡានេះតែម្ដង»៕

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025