ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ត្រីមាសទី៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន២សែននាក់ កើនឡើងជាង៨០០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ទិន្នន័យនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងការលើកទិសដៅបន្ត ដែលបានធ្វើឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សានិងត្រួតពិនិត្យលើបច្ចុប្បន្នភាពការងាររយៈពេល៩ខែរបស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ និងការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុទ្ធសាស្រ្តតាមផែនទីចង្អុលផ្លូវ និងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។
ជាក់ស្តែងរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១លានសែន២នាក់ កើនឡើងជាង៨០០% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ចំពោះទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តក្នុងប្រទេសមានទេសចរជាតិសរុបជាង៨លាននាក់ កើនឡើងប្រមាណ២០០% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ១.២លាននាក់ កើនឡើង៦០០% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បាន បាមណែនាំឱ្យធ្វើការសិក្សាបន្ថែមទៀតដោយត្រូវគិតបញ្ចូលទាំងសូចនាករថ្មីៗជាពិសេសគឺបញ្ហាប្រឈម និងវិបត្តិជាសកលនាពេលបច្ចុប្បន្ន។គួរបញ្ជាក់ដែរថា កំណើនភ្ញៀវទេសចរអន្តរជាតិ ត្រូវបានប៉ាន់ស្មានថា នឹងកើនចន្លោះពី៨០ម៉ឺននាក់ទៅ១លាននាក់ ចំណែកទេសចរផ្ទៃក្នុង ប្រមាណ៩លាននាក់ នៅឆ្នាំ២០២២នេះ៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ