ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

ទោះមិនអាចចូលដល់ Top 5 តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងប្រវត្តិសាស្រ្តដំបូងបំផុតឱ្យ កម្ពុជា លើឆាក MGI ឆ្នាំ ២០២២នេះ!

២៦ តុលា ២០២២ | កម្សាន្ដ

 

 

ថ្វីដ្បិតតែមិនអាចឈានជើងចូលដល់វគ្គ Top 5 តែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើបានល្អណាស់ ដោយនាងបានឈានចូលក្នុងលំដាប់ Top 10 ហើយត្រូវបានខាងកម្មវិធី Miss Grand International ផ្តល់មកុដបវរកញ្ញារងទី ៥ ។  

 

 

ឆ្នាំនេះជាឆ្នាំប្រវត្តិសាស្រ្តមួយដែលកម្មវិធី Miss Grand International បានផ្តល់មកុដម្តង១០ ដល់បវរកញ្ញាដែលបានជាប់លំដាប់ Top 10 ក្នុងការអបអរខួប ១០ ឆ្នាំនៃកម្មវិធីនេះ ក្នុងនោះផងដែរ ពេជ្រ វត្តី សារ៉ាវឌ្ឍី ដែលបវរកញ្ញាតំណាង កម្ពុជា ក៏បានមកុដនោះផងដែរ ក្រោយពីបានជាប់ក្នុងវគ្គ Top 10 ។  បើទោះបីជាលទ្ធផលចុងក្រោយ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចចូលដល់ Top 5 តែនាងទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនក្នុងនិងក្រៅប្រទេស  ។ 

 


ថ្វីដ្បិតតែមិនបានជាប់ដល់វគ្គ Top 5 តែ Miss Grand តំណាង កម្ពុជារូបនេះ ពិតជារំភើបចិត្តខ្លាំងដែលអាចឈានជើងចូលដល់វគ្គ Top 10 ។ កញ្ញាបានបង្ហោះសារនៅលើ ហ្វេសប៊ុករបស់នាងថា « នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី សូមថ្លែងអំណរគុណចេញពីដួងចិត្ត ដល់បណ្តាអ្នកគាំទ្រទាំងអស់របស់ខ្ញុំ ដែលបានដើររួមគ្នាក្នុងកម្មវិធីប្រកួតមួយនេះកន្លងមក ។ អរគុណសម្រាប់ការស្រឡាញ់ និងជឿទុកចិត្តលើរូបនាងខ្ញុំ ។ នាងខ្ញុំពិតជារំភើបចិត្ត និងមានមោទនភាពចំពោះសមិទ្ធិផលដែលទទួលបានរួមគ្នា គឺ Top 10 ឬ លំដាប់រងទី ៥ ក្នុងកម្មវិធី Miss Grand International 2022  »។

 

 

បវរកញ្ញាដែលគ្រងមកុដក្នុងកម្មវិធី Miss Grand International 2022 នេះគឺបានទៅប្រទេស Brazil ។ ចំណែកជ័យលោភីលំដាប់រងទី ១ បានទៅលើ Miss Grand ប្រទេស ថៃ ។ លំដាប់រងទី ២ បានទៅលើ Miss Grand ឥណ្ឌូនេស៊ី ។ លំដាប់រងទី ៣ បានទៅលើ Miss Grand វេនេហ្សូអេឡា និងលំដាប់រងទី ៤ បានទៅលើ Miss Grand ឆែករីផាប់លិក ។ 

 

 

ទំរាំឈានជើងមកដល់វគ្គ Top 10 បានកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានខំប្រឹងប្រែងអស់ពីសមត្ថភាព ជាក់ស្តែងរយៈពេលមួយខែនៅលើទឹកដីប្រទេស ឥណ្ឌូនេស៊ី ពេជ្រ វត្តីសាវឌ្ឍី ខំប្រឹងទាំងយប់ទាំងថ្ងៃ  ទីបំផុតនាងក៏បានសាងប្រវត្តិសាស្រ្តដល់ប្រទេស កម្ពុជា ផងដែរ ។ បងប្អូនទស្សនិកជន ខ្មែរ ទាំងក្នុងនិងក្រៅប្រទេស បានសរសើរពីការខំប្រឹងប្រែងរបស់នាងគ្រប់ៗគ្នា ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024