ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ដូចដែលបានគ្រោងទុក ថ្ងៃទី២៤ ខែតុលានេះ គឺជាថ្ងៃទី១ នៃការប្រឡងឌីប្លូម ដែលមានរយៈពេល ២ថ្ងៃ។ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ទិដ្ឋភាពជាទូទៅនៃ ការប្រឡងនេះ បានប្រព្រឹត្ត ដោយរលូន។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅថ្ងៃទី១ គឺនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ក្រោមកិច្ចសហការពីគណ:គ្រប់គ្រងគ្រប់មណ្ឌលប្រឡង បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែប្រាប់ PNN តាមតេឡេហ្ក្រាម នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ ។
សូមជម្រាបថា ការប្រឡងឌីប្លូម នៅឆ្នាំនេះ ក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនមន្ទីរអប់រំរាជធានី-ខេត្ត ក៏ដូចជាគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងការរៀបចំដំណើរការប្រឡងដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡង ជាដើម ហើយប្រសិនបើពុំមានអ្វីប្រែប្រួលធំដុំទេនោះ លទ្ធផល នៃ ការប្រឡងឌីប្លូមនេះ នឹងត្រូវបានប្រកាសនៅថ្ងៃទី១ ខែវិច្ឆិកា ប៉ុន្មានខងមុខទៀតនេះ ។
ការប្រឡងឌីប្លូម នាឆ្នាំ២០២២ នេះ មានបេក្ខជនដាក់ព្យប្រឡងចំនួន ១៧ ម៉ឺន ៤ ពាន់ ៧២៦ នាក់ មាន ១ ៧២៣ មណ្ឌល ចែកចេញជា ៧ ៨១៦ បន្ទប់ ។រីឯវិញ្ញសាប្រឡងឌីប្លូម នៅថ្ងៃទី១ នេះ គឺ តែងសេចក្តី គីមីវិទ្យា ផែនដី និងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា និង សីលធម៌-ពលរដ្ឋវិទ្យា ។ ដូច្នេះសម្រាប់ថ្ងៃស្អែក គឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយ នៃ ការប្រឡងឌីប្លូម នេះ មានវិញ្ញសា គណិតវិទ្យា សរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ។
ឯកឧត្តមបណ្ឌិត រស់ សុវាចា បានផ្ញើសារក្រើនរំឭកថា សូមបេក្ខជនប្រឡងទាំងអស់បន្តអនុវត្តគោលការណ៍ប្រឡងឱ្យបានខ្ជាប់ខ្ជួន គោរពច្បាប់ចរាចរណ៍ និង ប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរទៅមក ដើម្បី រក្សាបាននូវសុវត្ថិ និងអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បី រក្សាបាននូវសុខភាពល្អ ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត