ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ត្រីបាឡែនតូចប្រហែល ២៣០ ក្បាលបានជាប់គាំងនៅលើឆ្នេរខ្សាត់សមុទ្រនៅប្រទេសអូស្ត្រាលី

ក្រុមមន្ត្រីជំនាញការអភិរក្សសមុទ្របានធ្វើដំណើរទៅកាន់រដ្ឋតាស្មានៀ (Tasmania) នៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះដើម្បីព្យាយាមជួយសង្គ្រោះសត្វត្រីបាឡែនតូចចំនួន ២៣០ ក្បាលដែលបានជាប់គាំងនៅលើឆ្នេរខ្សាច់ ហើយក្នុងនោះគឺនៅមានជីវិតប្រហែលជាងពាក់កណ្ដាលប៉ុណ្ណោះ។

 

 

 

 

ហ្វូងត្រីបាឡែនតូចចំនួន ២៣០ ក្បាលត្រូវគេប្រទះឃើញជាប់គាំងនៅលើឆ្នេរខ្សាច់អូសេនប៊ិច (Ocean Beach) នៅក្នុងរដ្ឋតាស្មានៀកាលពីប៉ុន្មានសប្ដាហ៍មកនេះ។ រូបភាពថតពីលើអាកាសបានបង្ហាញពីទិដ្ឋភាពដេករនិងរនាំងរបស់ថនិកសត្វខ្មៅរលោងរាប់សិបក្បាលទាំងនេះនៅពាសពេញឆ្នេរសមុទ្រដ៏វែងនៅភាគខាងត្បូងប្រទេសអូស្ត្រាលី។

 


ប្រជាពលរដ្ឋបានយកភួយទៅគ្របពីលើត្រីបាឡែនដែលនៅមានជីវិត និងដួសទឹកយកទៅស្រោចលើពួកវាផងដែរដើម្បីផ្ដល់ភាពសំណើមនិងជួយទ្រទ្រង់ជីវិតរបស់ថនិកសត្វនេះខណៈដែលត្រីបាឡែនផ្សេងៗទៀតបានប្រឹងប្រែងបម្រាស់ខ្លួនដើម្បីចូលទៅក្នុងទឹកវិញប៉ុន្តែគ្មានប្រយោជន៍នោះឡើយ។

 


នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានរបស់រដ្ឋតាស្មានៀបាននិយាយថា ត្រីបាឡែនទាំងនេះបានជាប់គាំងនៅលើឆ្នេរខ្សាច់ជិតកំពង់ផែម៉ាការី (Macquarie) ហើយវាទំនងជាឃើញជាងពាក់កណ្តាលនៃថនិកសត្វទាំងនេះនៅមានជីវិតនៅឡើយ។

 

 

 

 

 

 

ក្រុមមន្ត្រីបាននិយាយថា អ្នកជំនាញអភិរក្សសមុទ្រដែលមានឧបករណ៍ជួយសង្គ្រោះត្រីបាឡែនបានធ្វើដំណើរទៅកន្លែងកើតហេតុ ហើយពួកគេបានព្យាយាមជួយរុញត្រីបាឡែនដែលនៅរស់ឱ្យចូលទៅក្នុងទឹកវិញ ចំណែកត្រីបាឡែនងាប់ត្រូវបានប្រមូលយកចេញពីទីនោះដើម្បីកុំឱ្យធំក្លិនដល់ត្រីឆ្លាម។

 


សូមរំលឹកថា កាលពីប៉ុន្មានឆ្នាំមុននេះក៏មានត្រីបាឡែនតូចប្រភេទនេះចំនួន ៥០០ ក្បាលបានជាប់គាំងនៅជិតកំពង់ផែម៉ាការីនេះដែលនៅក្នុងនោះមានត្រីបាឡែនជាង ៣០០ ក្បាលបានងាប់ផងដែរ៕

 

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024