ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សត្វឆ្កែនៅម៉ិកស៊ីកូបញ្ចប់វគ្គសិក្សាកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងជំនាញជួយសង្គ្រោះមនុស្ស

កាលពីថ្ងៃចន្ទកន្លងទៅនេះ សត្វឆ្កែជាងសាមសិបក្បាលបានប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញជួយសង្គ្រោះមនុស្សនៅពេលមានគ្រោះរញ្ជួយដី ឬគ្រោះធម្មជាតិដទៃទៀត។ ពិធីបញ្ចប់វគ្គសិក្សានេះធ្វើឡើងនៅទីក្រុងម៉ិកស៊ីកូស៊ីធី ប្រទេសម៉ិកស៊ីកូ។

 

 

 

 

 

ពិធីនេះចូលរួមដោយសត្វឆ្កែ និងម្ចាស់របស់ពួកវា ចំពេលមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រកើតឡើងនៅម៉ិកស៊ីកូខាងលិច។ សត្វឆ្កែដែលទើបតែរៀនចប់វគ្គថ្មីនេះអាចលូននៅក្នុងរូងក្រោមដីចម្ងាយ៣៥ម៉ែត្រ អាចហិតក្លិនរកមនុស្សដែលជាប់ផុងនៅក្នុងគំនរបាក់បែក។ សត្វឆ្កែដែលមានពូជអម្បូរផ្សេងៗគ្នាជាច្រើនប្រភេទបានទទួលវគ្គបណ្ដុះបណ្ដាលរយៈពេល២ខែ។

 

ក្រោយពេលបិទវគ្គ, ពួកវាអាចបំប៉នជំនាញបន្ថែមទៀតដើម្បីក្លាយជាឆ្កែជួយសង្គ្រោះកម្រិតអាជីពតែម្ដង។ នីក(Nix)ជាសត្វដែលមានចរិតស្រគត់ស្រគំជាងគេ ហើយវាបានកែប្រែចរិតរបស់វាកាន់តែល្អប្រសើរជាងមុននៅពេលដែលចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ។

 

 

 

 

 

 

វាពិតជាពេញចិត្តពេញថ្លើមនៅក្នុងការទទួលយកវគ្គសិក្សានេះ។ រាល់ពេលធ្វើដំណើរមកចូលរៀននៅទីនេះម្ដងៗ, វាមានអារម្មណ៍ល្អ ហើយខិតខំរៀនសូត្រដោយយកចិត្តទុកដាក់។ ម្ចាស់របស់វាក៏ស្រឡាញ់ឆ្កែរបស់ខ្លួនសម្បើមណាស់ដែរ ពីព្រោះនេះជាវគ្គថ្មីហើយប្លែក ដែលអាចបង្វឹកសត្វឆ្កែដើម្បីស្វែងរកម្ចាស់នៅពេលមានហេតុការណ៍អាក្រក់កើតឡើង។

 

សត្វឆ្កែទាំងនេះត្រូវគេបង្វឹកឲ្យចេះរក្សាអារម្មណ៍ស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន នៅពេលហ្វឹកហាត់។ ដំណាក់កាលទី២ គឺការហ្វឹកហាត់ជំនាញខាងស្វែងរកមនុស្សនៅពេលមានគ្រោះអាសន្ន។

 

 

 

 

ប្រសិនបើសម្រាប់មនុស្ស, ការស្វែងរកនៅលើទីចំណោតខ្លាំង ឬចម្រាក់ថ្មពិតជាពិបាក។ ជួនកាលប្រើជណ្ដើរសម្រាប់ដើរចុះទៅក្រោមក៏មិនកើត។ ដូចនេះ វិធីល្អបំផុតគឺប្រើប្រាស់សត្វឆ្កែ ដោយចងខ្សែភ្ជាប់នឹងខ្លួនវា ដើម្បីសម្រូតខ្លួនចុះទៅក្រោម។ រួចហើយ ឲ្យឆ្កែតាមរកមនុស្ស៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024