ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ហង្ស ម៉ានីតា ទទួលការគាំទ្រភ្លូកទឹកភ្លូកដីក្នុងដំណើរទស្សនិកច្ចនៅ ហ្វីលីពីន

២៣ កញ្ញា ២០២២ | កម្សាន្ដ

 

 

បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ កញ្ញា ហង្ស ម៉ានីតា បានកំពុងបំពេញបេសកម្មនៅប្រទេសហ្វីលីពីន។ គួរឱ្យស្ញប់ស្ញែង ម៉ានីតា ទទួលការគាំទ្រភ្លូកទឹកភ្លូកដីក្នុងដំណើរទស្សនិកច្ចនេះ ចាប់តាំងពីថ្ងៃទៅដល់រហូតមកទល់ពេលនេះ។


មុនត្រឡបើមក កម្ម្ពុជាវិញនាប៉ុនមានថ្ងៃខាងមុខកញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ នឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្រោយចេញទៅបំពេញបេសកម្មនៅប្រទេស ហ្វីលីពីន។

 

តួយ៉ាង ចាប់តាំងពីថ្ងៃធ្វើដំណើរទៅដល់ ហ្វីលីពីន បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ មានសកម្មភាពរាល់ថ្ងៃ ដោយបានបង្ហាញខ្លួនក្នុងកម្មវិធីជាច្រើននៅទីនោះ ថែមទាំងបានចុះផ្ទាល់ដល់ទីតាំងសាលារៀន និងបានចូលរួមសកម្មភាពសប្បុរសធម៌ថែមទៀតផង។

 

គួរឱ្យកោតស្ញប់ស្ញែង Miss Universe Cambodia 2022 ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រហ្វីលីពីន និងមានបណ្ដាហ្វេនផេកធំៗជាច្រើនបានចូលរួមសម្ភាសន៍នាងជាហូរហែ។ លើសពីនេះ ថែមទាំងមានអ្នកចំណាយលុយផ្ទាល់ខ្លួនធ្វើផ្ទាំងបដាធំៗព្យួរតាមដងផ្លូវបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លាចំពោះនាងថែមទៀតផង។

 


ទឹកចិត្ត ការគាំទ្ររបស់ប្រជាជនហ្វីលីពីនចំពោះ ម៉ានីតា ធ្វើឱ្យអ្នកគាំទ្រខ្មែររំជួលចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាអាចនឹងមានសន្ទុះការគាំទ្រខ្លាំងលើបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ បែបនេះ។ សូម្បីតែលោក ម៉ែន និមលរតន៍ នាយកប្រតិបត្ត CIM និងជាអ្នកគ្រប់គ្រង Miss Universe Cambodia ក៏រំភើបចិត្តនៅពេលឃើញរូបភាពការគាំទ្រភ្លូកទឹកភ្លូកដីនេះដែរ។

 


ក្រឡេកមក បវរកញ្ញាកូនកាត់ខ្មែរ-បារាំង ដែលកំពុងបំពេញភារៈកិច្ចសំខាន់ៗវិញនោះ គ្រប់ពេលនាងធ្វើដំណើរចេញទៅក្រៅ នាងតែពាំនាំស្នាមញញឹម ព្រមជាមួយដៃផ្ទឹមសំពះទៅកាន់បុគ្គលគ្រប់រូបដែលនៅចំពោះមុខនាងដោយទឹកមុខរីករាយបំផុត បង្ហាញពីភាពស្រស់ស្អាត និងទឹកចិត្តថ្លៃថ្លារបស់ប្រជាជនកម្ពុជា។ម៉ានីតា ប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន និងផ្តល់ការគោរពឱ្យមនុស្សគ្រប់ៗគ្នា ដែលសកម្មភាពតូចៗទាំងនេះ ធ្វើឱ្យនាងទទួលការកោតស្ងប់ស្ងែងយ៉ាងខ្លាំងក្លាពីបណ្តាអ្នកគាំទ្រ។

 


 
សូមជម្រាបថា កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ បានធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់ការដើរ ការឆ្លើយសំនួរ ត្រៀមសម្រាប់ការប្រកួតថ្នាក់អន្តរជាតិនាពេលដ៏ខ្លីខាងមុខ និងបានឆ្លៀតពេលបំពេញភារៈកិច្ចសំខាន់ៗទៅតាមអ្វីដែលបានគ្រោងទុកជាច្រើនផ្សេងទៀត។

 


តាមគម្រោង ម៉ានីតា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ក្រោយកញ្ញាបញ្ចប់ការហ្វឹកហាត់ និងបេសកកម្ម នៅប្រទេសហ្វីលីពីន៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ Facebook page @Miss Universe Cambodia

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024