ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ជនជាតិថៃនៅភាគឦសានយកសត្វដំរីមកឡាយវីឌីអូតាមបណ្ដាញសង្គម ដើម្បីរកប្រាក់ចំណូល

២៣ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

នៅភូមិ១នៃតំបន់ឦសានប្រទេសថៃ ស្ត្រីវ័យ២៣ឆ្នាំឈ្មោះស៊ិរីផន(Siriporn)ចាប់ផ្ដើមថ្ងៃថ្មីរបស់នាង ដោយទាញទូរស័ព្ទស្មាតហ្វូនមកឡាយតាមបណ្ដាញសង្គម និងបង្ហាញរូបដំរីដែលនាងចិញ្ចឹម២ក្បាល ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់នឹងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

 

 

 

 

 

 

ស្ត្រីរូបនេះនៅជិតស្និទ្ធនឹងសត្វដំរីទាំង២ក្បាល ព្រោះបានថែរក្សាពួកវាតាំងពីនាងនៅតូចៗ។ ថ្ងៃនេះនាង បានទាញកាមេរ៉ាទូរស័ព្ទថតរូបសត្វទាំង២ក្បាលនេះបណ្ដើរ និងឆ្លៀតឲ្យចំណីពួកវាស៊ីបណ្ដើរ ជាប្រភេទផ្លែចេកទុំ។

 

បន្ទាប់មក ពួកវាដើរក្រឡឹងពីក្រោយបរិវេណផ្ទះ។ ស៊ិរីផនប្រាប់ថានាងអាចរកលុយបាន១ពាន់បាត បើគិតជាលុយដុល្លារប្រហែល២៧ដុល្លារ ៤កាក់ ពីសប្បុរសជននានាដែលបរិច្ចាគថវិកាម្នាក់បន្តិចៗ បន្ទាប់ពីនាងឡាយតាមទីកតុក និងយូធូបជាច្រើនម៉ោង។

 

ទឹកលុយប៉ុណ្ណេះបើមើល១ភ្លែតហាក់ដូចជាច្រើនគួរសមដែរ។ ប៉ុន្តែនាងត្រូវចំណាយទិញចេកទុំ និងចំណីអាហារដទៃទៀតសម្រាប់ឲ្យពួកគេស៊ី។ បើគិតឲ្យមែនទែនទៅ, ទឹកប្រាក់ទាំងនេះអាចល្មមគ្រប់គ្រាន់សម្រាប់ទិញចំណីរបស់ពួកវាតែប៉ុណ្ណោះ។ ជាមធ្យម ដំរី១ក្បាលត្រូវការស៊ីចំណី១ថ្ងៃចន្លោះពី២រយទៅ៤រយគីឡូក្រាម, ជាប្រភេទស្មៅ និងផ្លែឈើ។

 

 

 

 

នេះបើយោងតាមការបង្ហើបឲ្យដឹងរបស់អ្នកអភិរក្សសត្វព្រៃ។ នេះជារបៀបរកប្រាក់ចំណូលថ្មីរបស់ក្រុមគ្រួសារនាងស៊ិរីផន ដែលជាប្រាក់ចំណូលមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះជួនបាន ជួនមិនបាន។

 

កាលពីមុនផ្ទុះជំងឺខូវីដ១៩, គ្រួសាររបស់នាងអាចរកបានប្រាក់ចំណូលពីសត្វដំរីទាំង២ក្បាលនេះ ដោយយកពួកវាទៅសម្ដែងនៅទីក្រុងផាតាយ៉ា។ កាលនោះ ពួកគេអាចរកចំណូលបានច្រើនដោយឲ្យដំរីសម្ដែង។ រួចហើយក្រុមគ្រួសាររបស់នាងដើរលក់ផ្លែឈើឲ្យភ្ញៀវទេសចរទិញឲ្យដំរីស៊ី។

 

នេះជាឧទាហរណ៍១នៃអ្នកចិញ្ចឹមដំរីនៅប្រទេសថៃរាប់ពាន់គ្រួសារដែលជួបនឹងវាសនាមិនគាប់ប្រសើរដោយសារបញ្ហាខូវីដ១៩។ ពួកគេត្រូវវិលត្រឡប់ទៅផ្ទះវិញ នៅពេលដែលភ្ញៀវទេសចរត្រឹមតែ៤សែននាក់ប៉ុណ្ណោះទៅកម្សាន្តនៅប្រទេសថៃកាលពីឆ្នាំ២០២១។

 

 

 

 

ចំនួននេះតិចមែនទែន បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានភ្ញៀវជិតសែសិបលាននាក់។ នៅថ្ងៃខ្លះ, ស៊ិរីផនមិនទទួលបានការដាក់ទានសូម្បីតែមួយកាក់មួយសេន ដែលជាហេតុធ្វើឲ្យគ្រួសាររបស់នាងត្រូវដកលុយពីហោប៉ៅខ្លួនឯងដើម្បីទិញចំណីអាហារឲ្យសត្វដំរី។

 

ដូច្នេះ ចំណីមិនសូវបានបរិបូរណ៍ប៉ុន្មានទេ។ គ្រួសារនេះបន់ឲ្យតែភ្ញៀវទេសចរទៅកម្សាន្តនៅប្រទេសថៃឲ្យបានច្រើន។ ដល់ពេលនោះ នាងមិនចាំបាច់ឡាយវីឌីអូតាមបណ្ដាញសង្គមទៀតទេ។

 

សព្វថ្ងៃនេះ ប្រទេសថៃមានដំរីស្រុកចន្លោះពី៣ពាន់ ២រយទៅ៤ពាន់ក្បាលដែលរស់នៅតាមផ្ទះរបស់អ្នកស្រុក។ ក្រៅពីនេះ៣ពាន់ ៥រយក្បាលទៀតជាដំរីព្រៃ៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024