ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ បានប្រកាសទឹកប្រាក់ច្រើនជាង១៧០លានដុល្លារអាមេរិកជាជំនួយមនុស្សធម៌បន្ថែមទៀត សម្រាប់ពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ា របស់ប្រទេសមីយ៉ាន់ម៉ា រួមមានពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាដែលរស់នៅក្រៅប្រទេសដូចជានៅប្រទេសបង់ក្លាដេស។ នេះបើតាមការអោយដឹងពីលោកAntony Blinkenរដ្ឋមន្ត្រីការបរទេសអាមេរិក។
ជំនួយពីសហរដ្ឋអាមេរិកនេះ បានកើតឡើងនៅរយៈពេលប្រហែល១ខែបន្ទាប់ពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានលើកឡើងថា ជំនួយសម្រាប់ជួយពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ានៅប្រទេសបង់ក្លាដេស ជួបបញ្ហាខ្វះខាត។
លោកBlinken បានលើកឡើងថា បូករួមទាំងជំនួយថ្មីនេះ ជំនួយសរុបរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា បានកើនឡើងដល់ជិត១,៩ពាន់លានដុល្លារអាមេរិកចាប់តាំងពីខែសីហាឆ្នាំ២០១៧មក។
ពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាច្រើនជាង១លាននាក់កំពុងរស់នៅក្នុងជំរុំនៅភាគខាងត្បូងប្រទេសបង់ក្លាដេស។ ពួកគេរស់នៅក្នុងក្តីសង្ឃឹមតិចតួចបំផុតក្នុងការវិលត្រលប់ ទៅប្រទេសមីយ៉ាន់ម៉ាវិញ។ នៅមីយ៉ាន់ម៉ា ពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាភាគច្រើនត្រូវបដិសេធចំពោះការផ្តល់សញ្ជាតិនិងសិទ្ធិផ្សេងៗ។
ពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាភាគច្រើនបានចាកចេញពីមីយ៉ាន់ម៉ា ទៅកាន់ប្រទេសក្បែរខាងបង់ក្លាដេសអំឡុងពេលការបង្ក្រាបយោធានៅឆ្នាំ២០១៧ ដែលអង្គការសហប្រជាជាតិបាននិយាយថា ធ្វើឡើងដោយចេតនាប្រល័យពូជសាសន៍។
ប្រែសម្រួល៖ណាវ័ន្ត