ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
សណ្ឋាគារ១នៅទីក្រុងបាងកក ប្រទេសថៃ ទើបតែបំបែកកំណត់ត្រាពិភពលោកថ្មីៗនេះចំពោះស្នាដៃឆ្នើមរបស់ខ្លួនដែលបានបង្កើតស្រាក្រឡុករបស់អ៊ីតាលីឈ្មោះនេក្រូនី(Negroni) ចំណុះ៦៣០លីត្រនៅក្នុងធុងទឹកកកដ៏ធំមួយ។
ដើម្បីអបអរសាទរខួបទីដប់ឆ្នាំនៃការបង្កើតកម្មវិធីឈ្មោះនេក្រូនី.វីក(Negroni Week) សណ្ឋាគារឈ្មោះឃីមថនម៉ាល័យ(Kimpton Maa-Lai)ចង់បង្កបរិយាកាសភ្ញាក់ផ្អើល ដោយរៀបចំកែវដ៏ធំមួយហ៊ុមព័ទ្ធទៅដោយដុំទឹកកក ដែលគេអារច្រៀកជារាងបួនជ្រុងទ្រវែង។
ធុងផ្លាស្ទិចសម្រាប់ដាក់ស្រារាប់រយលីត្រនេះត្រូវគេដាក់នៅកណ្ដាលសួនច្បារនៃសណ្ឋាគារ មានកម្ពស់១៧០សង់ទីម៉ែត្រ អង្កត់ផ្ចិត១ម៉ែត្រ ៤តឹក និងទម្ងន់៤រយគីឡូក្រាម។ លោកកាស៊ូយូស៊ី.គីមូរ៉ា(Kazuyoshi Kirimura) ដែលជាអ្នកតំណាងឲ្យក្រុមកំណត់ត្រាប្លែកៗនៅលើពិភពលោក ថ្លែងថាកំណត់ត្រាចាស់គឺស្រាក្រឡុកនេក្រូនីចំណុះ៥០៤លីត្រ។
ឥឡូវនេះ សណ្ឋាគារអាចធ្វើបានដល់ទៅ៦៣៣លីត្រ និង៦៥សង់ទីលីត្រ។
សូមអបអរសាទរចំពោះការបំបែកកំណត់ត្រាថ្មីនេះ។ សណ្ឋាគារត្រូវអនុវត្តតាមលក្ខខណ្ឌ១ដើម្បីបានជ័យលាភីនេះជាស្ថាពរ គឺត្រូវប្រើប្រាស់ស្រាក្រឡុកជាង៦រយលីត្រនេះឲ្យអស់នៅក្នុងរយៈ២ខែខាងមុខ។
លោកផាទ្រីកបូស(Patrick Both) ជាអ្នកចាត់ការទូទៅនៅក្នុងសណ្ឋាគារប្រាប់ថានេះជារឿងដ៏អស្ចារ្យមែនទែន។ តាមពិត សណ្ឋាគារមានគម្រោងបំបែកកំណត់ត្រានេះតាំងពី២ឆ្នាំមុនមកម៉្លេះ នៅពេលសណ្ឋាគារចាប់ផ្ដើមបើកដំណើរការជាលើកដំបូងនៅប្រទេសថៃ។
ប៉ុន្តែត្រូវពន្យារពេលជាបន្តបន្ទាប់ដោយសារបញ្ហាខូវីដ១៩។ លោកប្រាប់បន្តទៀតថានេះជាការរៀបចំផែនការរយៈពេលវែង។ ប៉ុន្តែមិនថ្វីទេ យើងអាចរៀបចំស្រាក្រឡុកនេះឲ្យបានច្រើន។ យើងពិតជាមានមោទនភាពមែនទែនដែលអាចធ្វើរឿងនេះបានដោយជោគជ័យ។
ចាប់តាំងពីឆ្នាំ២០១៣មក, រង្គសាល និងភោជនីយដ្ឋាននានាទូទាំងពិភពលោកតែងតែអបអរសាទរកម្មវិធីឈ្មោះ «នេក្រូនី.វីក» ចាប់ពីថ្ងៃទី១២ ដល់១៨ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ពិធីនេះរៀបចំឡើងមានគោលដៅបម្រើឲ្យបុព្វហេតុមនុស្សធម៌៕
ប្រែសម្រួល៖ អន សំអាង