ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
បុរសម្នាក់បានជិះម៉ូតូឆ្លងកាត់ផ្លូវជាច្រើនដែលមានការកកស្ទះយ៉ាងខ្លាំងនៅរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌាដោយបុរសនេះបានពាក់មួកសុវត្ថិភាពពិសេសម្យ៉ាងអាចទប់ស្កាត់ការបំពុលបរិស្ថាននិងស្រូបយកខ្យល់បរិសុទ្ធដ៏ត្រជាក់ក្បាលជាមួយការបំពាក់ស្លាបព្រិល និងកង្ហារនៅខាងក្រោយមួក។
អ្នកជិះម៉ូតូរូបនេះបាននិយាយថានេះជាមួកការពារការបំពុលបរិស្ថាន ហើយពួកគេនឹងគ្មានអារម្មណ៍ថាមានខ្យល់កខ្វក់នោះទេនៅពេលពួកគេពាក់មួកសុវត្ថិភាពនេះហើយព្រោះវាបានធ្វើឱ្យគេមានអារម្មណ៍ថាគេកំពុងដកដង្ហើមដូចនៅក្នុងផ្ទះរបស់ពួកគេអ៊ីចឹងដែរ។
ក្រុមហ៊ុន សេលីអូស ថិចណូឡេប (Shelios Technolabs) ដែលជាអ្នកបង្កើតមួកសុវត្ថិភាពនេះបាននិយាយថា វាគឺជាប្រភេទមួកសុវត្ថិភាពដំបូងគេក្នុងពិភពលោក ហើយថា ការធ្វើតេស្តដោយមន្ទីរពិសោធន៍ឯករាជ្យបង្ហាញថា វាអាចទប់ខ្យល់ពុលជាង ៨០% ចេញពីរន្ធច្រមុះរបស់អ្នកប្រើប្រាស់។
ទីភ្នាក់ងាររដ្ឋជាច្រើនបានចាក់បញ្ចូលប្រាក់រាប់ពាន់ដុល្លារចូលទៅក្នុងក្រុមហ៊ុន Shelios ដែលស្ថាបនិករបស់ក្រុមហ៊ុននេះគឺលោក អាមីត ផាថាក់ (Amit Pathak) បានចាប់ផ្តើមធ្វើការផលិតមួកនេះជាលើកដំបូងនៅក្នុងបន្ទប់ក្រោមដីក្នុងឆ្នាំ២០១៦បន្ទាប់ពីគាត់បានអានព័ត៌មានអំពីខ្យល់កខ្វក់ដែលធ្វើឱ្យទីក្រុង New Delhi ស្ទើរតែមិនអាចដកដង្ហើមបានចាប់ពីពាក់កណ្តាលខែធ្នូដល់ខែកុម្ភៈ។
ហើយនៅឆ្នាំ២០១៩ លោក Pathak បានចាប់ផ្តើមលក់មួកសុវត្ថិភាពនេះដែលបំពាក់ដោយភ្នាសតម្រងឬស្លាបព្រិលដែលអាចបិទបើកបាន និងកង្ហារបំពាក់ដោយថ្មដែលអាចបញ្ចូលថាមពលឡើងវិញបាន និងអាចដំណើរការបានរយៈពេល ៦ ម៉ោងផងដែរ។
លោក Pathak បាននិយាយថា ក្រុមហ៊ុននេះក៏បានទទួលការចាប់អារម្មណ៍ពីប្រជាជាតិអាស៊ីអាគ្នេយ៍ដូចជា ម៉ាឡេស៊ី ថៃ និងវៀតណាមផងដែរ ហើយលោក Shellios មិនបានបញ្ជាក់លម្អិតពីតម្លៃនោះទេប៉ុន្តែការលក់រាយនៅតាមអនឡាញគឺតម្លៃ ៥៦ ដុល្លារអាមេរិកសម្រាប់មួកមួយដែលវាថ្លៃជាងមួកធម្មតាប្រហែលជិត៤ដងឯណោះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន