ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលជាអ្នកទទួលបន្ទុក បានពន្យល់ថា លក្ខន្តិកៈ និងចំនួនប្រាក់សោធន៍និវត្តន៍ នៃមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ មានលក្ខណៈខុសគ្នា ហើយវ័យចូលនិវត្តន៍ ក៏ខុសគ្នាដែរ គឺអាស្រ័យទៅលើឋានៈ ក្របខណ្ឌ ភេទ និងអតីភាពការងារ។ច្បាប់នៅប្រទេសកម្ពុជា បានកំណត់អាយុចូលនិវត្តន៍ខុសៗគ្នាសម្រាប់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ។ សម្រាប់មន្ត្រីរាជការស៊ីវិល ចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ។
ដោយឡែកចំពោះអតីតយុទ្ធជន ឬ កងកម្លាំងប្រដាប់អាវុធ មានដូចជា យោធា និងនគរបាលជាដើម វ័យចូលនិវត្តន៍ខុសគ្នាអាស្រ័យទៅលើឋានន្តរស័ក្តិ គឺឋានៈចាប់ពីពលទោ ទៅដល់ វីរៈសេនីយ៍ទោ ចូលនិវត្តនៅអាយុ ៥៥ ឆ្នាំ ។ បើជានារី ចូលនិវត្តន៍នៅអាយុ ៥០ ឆ្នាំ ។ រីឯឋានៈចាប់ពីវីរៈសេនីយ៍ឯកឡើងទៅ ត្រូវចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ។
ទោះយ៉ាងណា ទាំងមន្ត្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ នីតិវិធី នៃការចូលនិវត្តន៍មានដំណើរការដូចគ្នា គឺមុនឹងនឹងចូលនិវត្តន៍ ពួកគាត់នឹងទទួលបានសាលាកបត្រពីស្ថាប័នរបស់ពួកគាត់ ។ នេះគឺជាការពន្យល់របស់ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដែលជាស្ថាប័នគ្រប់គ្រងលើវិស័យនិវត្តជននានា ។
ចំពោះប្រាក់សោធននិវត្តន៍ ពោលគឺប្រាក់ខែដែលពួកគាត់ទទួលបាន នៅពេលចូលនិវត្តន៍ ក៏ខុសគ្នាដែរ អាស្រ័យទៅលើរយៈពេលបំពេញការងាររបស់ពួកគាត់ មុនពេលចូលនិវត្តន៍ គឺបើគាត់បានធ្វើការចាប់ពី២០ ឆ្នាំឡើងទៅមុននឹងចូលនិវត្តន៍នោះ គាត់នឹងទទួលបានប្រាក់សោធននិវត្តន៍ ៦០ ភាគរយ នៃ ប្រាក់ខែមូលដ្ឋានរបស់គាត់ ។
បើគាត់បានធ្វើការលើសពី២០ ឆ្នាំទៅ ត្រូវបានគិត ១ ឆ្នាំ ២ ភាគរយបន្ថែមទៀត ដោយអតិបរមាមិនលើស ៨០ ភាគរយ នៃប្រាក់ខែមូលដ្ឋានរបស់គាត់ ។ បើគាត់ធ្វើការបាន ៣០ ឆ្នាំមុនចូលនិវត្តន៍ គាត់នឹងទទួលបានប្រាក់សោធននិវត្តន៍ ៨០ ភាគរយ នៃប្រាក់ខែមូលដ្ឋានរបស់គាត់ដោយស្វ័យប្រវត្តិ ហើយបើបានធ្វើការលើសពី ៣០ ឆ្នាំទៅមុននឹងចូលនវិត្តន៍នោះ ក៏នៅតែ ៨០ ភាគរយដែរ ។ នេះគឺជាការពន្យល់បន្ថែមរបស់ឯកឧត្តម ឈួរ សុបញ្ញា ដដែល ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត