ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥

មគ្គុទេ្ទសក៍ទេសចរណ៍សហគមន៍សំបូរព្រៃគុក ស្នើសុំភ្ញៀវ ដែលទៅកម្សាន្ដ ជួយប្រើប្រាស់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងសហគមន៍

១៦ សីហា ២០២២ | ព័ត៌មានជាតិ

 

មគ្គុទេ្ទសក៍ទេសចរណ៍សហគមន៍សំបូរព្រៃគុក បានស្នើសុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅតំបន់ ប្រាសាទសំបូរព្រៃគុក ប្រើប្រាស់នូវសេវាមគ្គុទេ្ទសក៍ទេសចរណ៍ ក្នុងសហគមន៍ ដើម្បីជួយលើកស្ទួយជីវភាព និងផ្ដល់ចំណូលបន្ថែមដល់ពួកគាត់ ខណៈមគ្គុទេ្ទសក៍ទេសចរណ៍ខ្លះ មិនមានការងារធ្វើ។  ការស្នើសុំដូចនេះ ធ្វើឡើង ស្របពេលមានកំណើនភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដឡើងវិញ នៅតំបន់ប្រាសាទសំបូរព្រៃគុក។
 

លោក ចេង ចិន្ដា មគ្គុទេ្ទសក៍ទេសចរណ៍មួយរូប និងជាតំណាងមគ្គុទេ្ទសក៍ទេសចរណ៍ ក្នុងសហគមន៍សំបូរព្រៃគុក បានឱ្យសារព័ត៌មានទូរទស្សន៍ PNN ដឹងថា ក្នុងអំឡុងកូវីដ-១៩ ផ្ទុះរីករាលដាលខ្លាំង ភ្ញៀវទេសចរមកកម្សាន្ដ នៅប្រាសាទសំបូរព្រៃគុក ត្រូវបានថយចុះ។ ជាមួយគ្នានេះ ដោយសារមិនសូវមានភ្ញៀវមកកម្សាន្ដមគ្គុទ្ទេសក៍ទេសចរណ៍ខ្លះ ក៏ត្រូវបានបង្ខំចិត្តស្វែងរកការងារផ្សេងជំនួសវិញ ដើម្បីទទួលបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ 

 

ប្រសាសន៍ លោក ចេង ចិន្ដា៖«ឥលូវនេះគ្រាន់ខ្លះមក១Tour (១ភ្ញៀវទេសចរណ៍ម្នាក់)  បានបួន ដប់រៀល(១០ដុល្លារ) ហើយបើថា រដូវកូវីដ ទទេរសោះហ្មង  ខ្លះគាត់ទៅធ្វើសំណង់ ធ្វើអីព្រោះអត់ មានភ្ញៀវ មនុស្សខ្លាចមនុស្ស»។តាមឱ្យដឹងបន្ថែមពី លោក ចេង ចិន្ដា ក្រោយស្ងប់ស្ងាត់កូវីដ-១៩ និង ប្រទេសបានដំណើរការសេដ្ឋកិច្ច ឡើងវិញ  ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចាប់ផ្ដើមដើរកំសាន្ដឡើងវិញ ដែលថ្ងៃធម្មតាអាចមានភ្ញៀវ ទេសចរណ៍ ៣០ ទៅ៤០នាក់។

 

ដោយឡែក សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យវិញ ភ្ញៀវទេសចរណ៍ដែល មកកំសាន្ដជាមធ្យមមានពី១០០នាក់ ទៅ៥០០នាក់ផងដែរ។ ប៉ុន្ដែទោះយ៉ាងណា តាមរយៈការងារជាអ្នកនាំភ្ញៀវដើរកំសាន្ដក្នុងសហគមន៍ មិនទាន់អាចឱ្យជីវភាព របស់ពួកគាត់ល្អប្រសើរនៅឡើយទេ ដោយសារតែមគ្គុទេ្ទសក៏ទេសចរណ៍សហគមន៍ សំបូរព្រៃគុកខ្លះ មិនមានការងារធ្វើ។ការណ៍នេះ លោក ចេង ចិន្ដា បានស្នើសុំ ឱ្យភ្ញៀវទេសចរដែលមកកំសាន្ដនៅប្រាសាទសំបូរព្រៃគុក ជួយប្រើប្រាស់សេវា មគ្គុទ្ទេសក៏ទេសចរណ៍ក្នុងសហគមន៍ ដើម្បីផ្ដល់ចំណូលដល់ពួកគាត់ផងដែរ។  

 

ប្រសាសន៍ លោក ចេង ចិន្ដា៖« បាទ៎ តាមពិ ខ្ញុំសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប៉ុន្ដែភ្ញៀវជាតិយើងហ្នឹងពេលដែលគាត់មក សូមឱ្យគាត់ប្រើប្រាស់ហ្គាយ (មគ្គុទេសក៏ទេសចរណ៍ សហគមន៍) ពីព្រោះអីនៅតំបន់នេះ តំបន់ប្រវត្តិសាស្រ្ដ បើសិនជាគាត់ជួលហ្គាយសហគមន៍ទៅវាល្អ ដើម្បីជួយពួកគាត់។បាទ៎ នៅពេលដែលគាត់មក គឺល្អមែនទែន គាត់ផ្ដល់ផលប្រយោជន៍ដល់ អ្នកលក់អង្រ្កង និយាយរួមទៅផ្ដល់ចំណូលដល់ប្រជាជនយើង ហើយមួយទៀតផ្ដល់ចំណូល ដល់មគ្គុទេសក៏ទេសចរណ៍ពួកខ្ញុំ គាត់ឱ្យជាថវិកាទៅ»។


តាមការគូសបញ្ជាក់ពីលោក ចេង ចិន្ដា ក្នុងមគ្គុទេ្ទសក៏ទេសចរណ៍ម្នាក់អាចទទួល បានកម្រៃ ជាមធ្យម ១០ដុល្លារ ក្នុងមួយថ្ងៃ ពីសេវានាំភ្ញៀវទេសចរបរទេសម្នាក់ ឬអាចលើសពីនេះតាមរយៈពេលវេលាម៉ោងដែលបានកំណត់។   ចំណែកសេវានាំភ្ញៀវសម្រាប់ភ្ញៀវទេសចរណ៍ជាតិ មិនមានកំណត់តម្លៃនោះទេ គឺឱ្យទៅតាមស្ម័គ្រចិត្តរបស់ភ្ញៀវទេសចរម្នាក់ៗផងដែរ។


សូមជម្រាបជូនដែរថា ប្រាសាទសំបូរព្រៃគុក  ស្ថិតនៅក្នុង ភូមិសំបូរ ឃុំ សំបូរ ស្រុកសំបូរ និងមាន ចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ។ ប្រាសាទនេះផ្ទាល់ ត្រូវបានគេស្គាល់ថា ជាប្រាសាទស្ថិតនៅក្នុងតំបន់ ប្រវត្តិសាស្រ្ដមួយដែលមានវ័យចំណាស់ដ៏គួរឱ្យទាក់ទាញតាមរយៈប្រាសាទ នានាដែលមានវត្តមាននៅទីនោះ ។ ដោយឡែក  បើនិយាយពីភ្ញៀវទេសចរ មានភ្ញៀវទេសចរមិនតិច នោះទេដែលបានមកកំសាន្ដនៅប្រាសាទសំបូរព្រៃគុកនេះ។  ជាមួយនិងវត្តមានភ្ញៀវទេសចរ ដែល មកកំសាន្ដនេះដែរ គេរំពឹងថា នឹងជួយលើក      ស្ទួយជីវភាព និងផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅតំបន់នោះ៕
 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជុំ ជោគជាតា   រូបភាព៖ សែត ប៊ុនថាន់ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025