ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរទីក្រុងបាងកកអះអាងថានៅខែក្រោយតួលេខអ្នកឆ្លងជំងឺកូវីដ១៩នឹងកើនឡើង

០៦ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

សាលាក្រុងបាងកក នៃប្រទេសថៃ បានអះអាងថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩នឹងកើនឡើងគួរអោយកត់សម្គាល់នៅខែក្រោយ(ខែសីហា)។ ជាមួយគ្នា​សាលាក្រុងបាងកក បានណែនាំអោយអាជ្ញាធរបង្កើនវិធានការគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ជាពិសេសលើក្រុមក្មេងៗសិស្សសាលា។

 

 

 

 

អភិបាលរងសាលាក្រុងបាងកក លោកស្រី Tavida Kamolvej  នៅថ្ងៃអង្គារបានលើកឡើងថា បន្ទាប់ពីវិធានការតម្រូវអោយគ្រប់គ្នាត្រូវតែពាក់ម៉ាស់នៅតាមទីសាធារណៈជាច្រើនកន្លែង ត្រូវបានដកកាលពីខែមុននោះ ឃើញថា ទីក្រុងបាងកកមានតួលេខអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងក្នុងចំណោមក្មេងៗសិស្សសាលាជាពិសេសក្មេងៗសិស្សសាលាកម្រិតបឋមសិក្សា និងកម្រិតខ្ពស់ជាងនេះ។

 

«នៅពេលក្មេងៗសិស្សសាលាឆ្លងជំងឺកូវីដ១៩ រោគសញ្ញារបស់ពួកគេពិបាកនឹងរកឃើញ ហើយពួកគេអាចចម្លងទៅសមាជិកគ្រួសារដោយមិនដឹងខ្លួន ទៅអ្នកដែលអាចជាអ្នកងាយឆ្លងមេរោគ ដូចជាមនុស្សចាស់ អ្នកមានបញ្ហាសុខភាព និងស្ត្រីមានផ្ទៃពោះ»។ លោកស្រី Tavida លើកឡើង។

 

 

 

 

 

 

«យើងប៉ាន់ស្មានថា ការចម្លងនឹងកើនឡើងខ្លាំងនៅខែក្រោយ។ យើងបានស្នើមន្ត្រីសុខាភិបាលនៅតាមតំបន់ អោយចាក់ដូសជម្រុញទៅអ្នកដែលបានចាក់វ៉ាក់ស៊ាំងកូវីដ១៩កាលពីជាង៤ខែមុន និងបង្កើនវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍»។

 

ចាប់ពីថ្ងៃទី១៧ឧសភា ដល់៤កក្កដា សាលារៀននៅទីក្រុងបាងកក មានតួលេខឆ្លងជំងឺកូវីដ១៩ចំនួន១៨៨៥នាក់។

 

លោកស្រី Tavida  បន្ថែមថា «មជ្ឈមណ្ឌលថែទាំមនុស្សចាស់គឺជាទីកន្លែងផ្សេងទៀតដែលសាលាក្រុងបាងកកត្រូវបង្កើនការឃ្លាំមើល ដោយសារមនុស្សចាស់មានអាយុ៦០ឆ្នាំឬលើសនេះ មានឱកាសខ្ពស់នឹងមានអាការៈរោគសញ្ញាជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្រោយឆ្លងជំងឺនេះ»។


នៅថ្ងៃពុធ ប្រទេសថៃ មានតួលេខឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន២៤២៨ករណី និង២២នាក់ស្លាប់ក្នុងពេល២៤ម៉ោង។ តួលេខឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី១មករា មកគឺមានចំនួន២៣១៣០១០នាក់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024