ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
ដើម្បីជួយសម្រាលបន្ទុកជីវភាពជូនកម្មករ-កម្មការិនីនិយោជិត ក្នុងវិស័យកាត់ដេរ នៅកម្ពុជា ឱ្យសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃក្នុងការរស់នៅ និងសេដ្ឋកិច្ចបច្ចុប្បន្ន លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ទូរទស្សន៍ PNN ថា នៅថ្ងៃទី៣០ ខែមិថុនានេះ សហជីព និងកម្មករនិយោជិត បានពិភាក្សាគ្នា លើការស្នើសុំដំឡើងប្រាក់ឈ្នួលគោល ប្រមាណជាង ២០ដុល្លារបន្ថែម សម្រាប់ប្រាក់ឈ្នួលអប្បបរមា នៅឆ្នាំ២០២៣។ នៅឆ្នាំ២០២២ នេះ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមា ចំនួន ១៩៤ដុល្លារ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ កម្មករ-កម្មការិនី និយោជិត រួមនិងតំណាងប្រធានសហជីពមួយចំនួន នៅកម្ពុជាក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រួមទាំងកាបូប បាន ពិភាក្សាគ្នាដើម្បីស្នើសុំដំឡើងប្រាក់ឈ្នួលបន្ថែម តាមការស្នើសុំរបស់កម្មករ និយោជិត។
លោក អាត់ ធន់ បានឱ្យដឹងបន្ដថា បច្ចុបន្នប្រាក់ឈ្នួលគោលកម្មករ-កម្មការិនី ក្នុងវិស័យកាត់ដេរ ប្រមាណ១៩៤ ដុល្លារ ប៉ុន្ដែប្រាក់ឈ្នួលទាំងនេះ មិនទាន់បានបំពេញតម្រូវការរស់នៅឱ្យបានល្អប្រសើរនៅឡើយទេ បើផ្អែកទៅលើការចំណាយប្រចាំថ្ងៃរបស់កម្មករ-កម្មការិនីនិយោជិត ដោយជាមធ្យម រហូតដល់ទៅ ២៩៧ដុល្លារអាមេរិក ក្នុងមួយខែ។
តាមឱ្យដឹងបន្ថែមពីប្រធានសហភាពការងារកម្ពុជារូបនេះ តម្រូវការស្នើ សុំដំឡើង ប្រាក់ឈ្នួលបន្ថែមនេះ គឺដើម្បីម្បីជួយសម្រាលបន្ទុក ជីវភាពជូនកម្មករ-កម្មការិនី និយោជិត ក្នុងវិស័យកាត់ដេរ នៅកម្ពុជាឱ្យសមាមាត្រ ទៅនិងការចំណាយ ប្រចាំថ្ងៃក្នុងការរស់នៅ និងសេដ្ឋកិច្ចបច្ចុប្បន្ន ។ គួរបញ្ជាក់ថា ការពិភាក្សាស្នើសុំដំឡើងប្រាក់ឈ្នួលគោលបន្ថែមជាង២០ដុល្លារនៅឆ្នាំ២០២៣នេះ គ្រោងបញ្ចប់នៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០២២ ។ ដោយឡែក បន្ទាប់ពីបញ្ចប់ការពិភាក្សានេះ នឹងដាក់សំណើរស្នើសុំទៅកាន់សមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីពិភាក្សាបន្ថែម មុននិងបញ្ចូនទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជីវៈ។
សូមជម្រាបជូនដែរថា យោងតាមច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដែលត្រូវ បានប្រកាសឱ្យប្រើប្រាស់ ដោយព្រះរាជក្រម ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ដែលផ្សព្វផ្សាយដោយក្រសួងការងារនាពេលកន្លងមកបានឱ្យដឹងថា ការ ពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិន រួមមាន៖ ការស្នើសុំត្រូវធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២២ ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ ។ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្ដើមពិភាក្សាជាលក្ខណៈទ្វេភាគី និងត្រីភាគី។
ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ ឆ្នាំ២០២៣ និងថ្ងៃទី១ ខេមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។ទន្ទឹមនឹងនេះ គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការ ស្រាវជ្រាវបែបវិទ្យាសាស្រ្ដ ដោយលើលក្ខណវិនិច្ឆ័យបែបសង្គម ដែលរួមមាន៖ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយ ក្នុងការរស់នៅ រួមនិង លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចជាដើម៕
អត្ថបទ៖ ជុំ ជោគជាតា រូបភាព៖ ឯកសារ