ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
នៅថ្ងៃទី២៨ ខែមិថុនានេះ អង្គការក្រៅរដ្ឋាភិបាលចំនួន៣ និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នារៀបចំសិក្ខាសាលាមួយ ស្ដីពី”ការបញ្ឈប់អំពើហិង្សាលើកុមារ នៅក្នុងសាលារៀន”។ តាមរយៈសិក្ខាសាលានេះ ស្ថាប័នពាក់ព័ន្ធ បានប្រកាសដាក់ឱ្យប្រាស់ជាផ្លូវការនូវសៀវភៅណែនាំប្រតិបត្តិ ស្ដីពី កិច្ចការពារកុមារនៅក្នុងសាលារៀន ដែលគេរំពឹងថា នឹងចូលរួមជួយដល់កុមារ ឱ្យរួចផុតពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ នៅក្នុងសាលារៀន។
ដើម្បីចូលរួមដល់កុមាររួចផុតពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ នៅក្នុងសាលារៀន ទាំងគ្រឹះស្ថាន សាធារណៈ និងឯកជន អង្គការចំនួន ៣រួមមាន ៖ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា អង្គការភ្លែនអន្ដរជាតិ និងអង្គការសង្រ្គោះ កុមារអន្ដរជាតិ(Save the Children) រួមនិងក្រសួងអប់រំយុវជន និងកីឡា ប្រកាស ដាក់សម្ភោធជាផ្លូវការនូវសៀវភៅណែនាំប្រតិបត្តិស្ដីពីកិច្ចការពារកុមារនៅក្នុងសាលារៀន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្ដម ពុត សាមិត្ត អគ្គនាយកនៃនាយកដ្ឋានអប់រំនៃ ក្រសួងអប់រំ យុជន និងកីឡា បានឱ្យដឹងបន្ថែមថា កិច្ចការពារកុមារ គឺជាកិច្ចការដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល និងដៃគូអង្គការពាក់ព័ន្ធ បានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគោលនយោបាយជាតិ និងក្នុង វិស័យពាក់ព័ន្ធសំខាន់ៗ ដើម្បីការពារ និងពង្រឹងការអនុវត្ត ក៏ដូចជា ទប់ស្កាត់អំពើហិង្សា និងការកេងប្រវ័ញ្ចលើកុមារ ។
ទាក់ទិនរឿងនេះដែរ លោក ម៉ាន ផល្លី ប្រធានកម្មវិធីកិច្ចការពារកុមារ និងអភិបាលសិទ្ធិកុមារនៃ អង្គការសង្រ្គោះកុមារអន្ដរជាតិ បានរំពឹងទុកថា ក្រោយពេលសៀវភៅនេះត្រូវបានដាក់ឱ្យប្រើប្រាស់នឹងជួយ ទៅដល់ការកាត់បន្ថយអំពើហិង្សាទៅលើកុមារ និងការអនុវត្តច្បាប់និង កាន់តែទទួលបានប្រសិទ្ធិភាព។
តាមការគូសបញ្ជាក់ពីប្រធានកម្មវិធីកិច្ចការពារកុមាររូបនេះ តាមរយៈការអង្កេតមួយដែលបានធ្វើឡើង កាលពីឆ្នាំ២០១៣ បានបង្ហាញឱ្យឃើញថា មានការីករាលដាលខ្លាំងនៃអំពើហិង្សាកើតឡើង កុមារ។តាមរយៈទិន្នន័យ កុមារជាង ៥០ភាគរយ ទទួលរងដោយអំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។
ជុំវិញរឿងនេះដែរ កុមារី ញាវ ស្រីនិច អនុប្រធានក្រុមប្រឹក្សាកុមារនៃសាលា បឋមសិក្សាបន្ទាយស្រី បានឱ្យដឹងថា នាងបានសាទរចំពោះការចូលរួមរបស់ រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ ក្នុងការដាក់ចេញគោល នយោបាយថ្នាក់ជាតិ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់នូវសៀវភៅ ណែនាំប្រតិបត្តិស្ដីពីកិច្ចការពារកុមារនៅ ក្នុងសាលារៀននាពេលនេះ។ ប៉ុន្ដែ ទោះយ៉ាងណា កុមារីរូបនេះ ក៏បានស្នើសុំឱ្យឳពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងកុមារដូចគ្នាចូលរួមបញ្ឈប់អំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ និងគ្រប់រូបភាពលើ កុមារផងដែរ។
គួរបញ្ជាក់ជូនថា សៀវភៅណែនាំប្រតិបត្តិស្ដីពីកិច្ចការពារកុមារនៅក្នុងសាលារៀននេះ ផ្ដួចផ្ដើមឡើងដោយ អង្គការសង្រ្គោះកុមារអន្ដរជាតិ អង្គការទស្សនៈពិភពលោក អង្គការភ្លែនអន្ដរជាតិ ក្រោមការដឹកនាំ និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ។ សៀវភៅនេះផងដែរ មានចំនួន ៧៣ទំព័រ ដែលត្រូវ បានចងក្រងឡើង កាលពីខែតុលា ឆ្នាំ២០២០ និងបានចងក្រងរួចរាល់ កាលពីខែមិថុនា ឆ្នាំ២០២២។
គោលបំណងសំខាន់ៗ នៃសៀវភៅនេះ សំដៅធ្វើឱ្យកុមារគ្រប់រូបមានសិទ្ធិទទួលបានបរិយាកាស រៀនសូត្រ ប្រកដោយ សុវត្ថិភាព និងសុខុមាលភាព ដែលជួយដល់ការអភិវឌ្ឍផ្នែក រាងកាយ ផ្លូវចិត្ត បញ្ញា ស្មារតី ដោយគ្មានអំពើហិង្សា និងការកេងប្រវ័ញ្ចគ្របទម្រង់លើកុមារ នៅក្នុងសាលារៀន ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន ដើម្បីឱ្យក្លាយជាធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយចីរភាព៕
អត្ថបទ៖ជុំ ជោគជាតា រូបភាព៖សែត ប៊ុនថាន់