ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

Vladimir Putinប្តូរគោលដៅវិនិយោគនិងនាំចេញប្រេងទៅកាន់ក្រុមប្រទេសBRICS

២៤ មិថុនា ២០២២ | ព័ត៌មានអន្តរជាតិ

លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃពុធបានលើកឡើងថា ប្រទេសរុស្ស៊ី ស្ថិតនៅក្នុងនីតិវិធីនៃការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្ម និងការនាំចេញប្រេងរបស់ខ្លួនទៅកាន់ក្រុមនៃបណ្តាប្រទេសBRICS វិញ ក្រោយកើតមានបញ្ហាទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងបញ្ហាដែលប្រទេសរុស្ស៊ី ឈ្លានពានប្រទេសអ៊ុយក្រែន។

 

ក្រុមប្រទេសBRICS  មានប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូង។

 

 

 

 

ក្រុមប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងសម្បើមលើប្រទេសរុស្ស៊ី រួមមានការរឹតត្បិតទៅលើការនាំប្រេងចូលពីប្រទេសរុស្ស៊ី បន្ទាប់ពីវិមានគ្រីមឡាំងក្រោមការដឹកនាំរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី សម្រេចបញ្ជូនទ័ពទៅឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃ២៤កុម្ភៈ។

 

ក្នុងបំណងសម្រាលការខាតបង់ដោយសារទណ្ឌកម្ម ប្រទេសរុស្ស៊ី បានព្យាយាមភ្ជាប់ទំនាក់ទំនងជិតស្និទ្ធិជាមួយប្រទេសតំបន់អាស៊ី ដើម្បីបំពេញចន្លោះទីផ្សារដែលខ្លួនបានខាតបង់ក្នុងជម្លោះជាមួយសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

 

ក្នុងវីដេអូសន្ទរកថាថ្លែងទៅកាន់ ក្រុមអ្នកចូលរួមវេទិកាពាណិជ្ជកម្មក្រុមប្រទេសBRICS លោកPutin  ថ្លែងថា ប្រទេសរុស្ស៊ី ស្ថិតនៅក្នុងកិច្ចពិភាក្សាអំពីការបង្កើនវត្តមានរថយន្តរបស់ប្រទេសចិនលើទីផ្សារប្រទេសរុស្ស៊ី រួមនិងការបើកបណ្តាញផ្សារទំនើបរបស់ប្រទេសឥណ្ឌាផងដែរ។

 

«អ្វីដែលត្រលប់មកវិញ គឺវត្តមានរបស់ប្រទេសរុស្ស៊ីនៅក្នុងក្រុមប្រទេសBRICS កំពុងកើនឡើង ដែលអាចកត់សម្គាល់បានតាមរយៈការកើនឡើងការនាំចេញប្រេងរបស់ប្រទេសរុស៊្សីទៅកាន់ប្រទេសចិន និងប្រទេសឥណ្ឌា»។ លោក Putin ប្រធានាធិបតីរុស្ស៊ីថ្លែង។

 

យោងទិន្នន័យពីអគ្គរដ្ឋបាលគយប្រទេសចិន ឃើញថា ការនាំចូលប្រេងឆៅរបស់ប្រទេសចិន ពីប្រទេសរុស្ស៊ីកើន៥៥ភាគរយធៀបនឹងឆ្នាំមុនក្នុងកំណត់ត្រាខែឧសភា ដោយបានជំនួសតំណែងប្រទេសអារ៉ាប៊ី សាអូឌីតក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ប្រទេសចិន។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024