ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក និងអង្គការដៃគូ ក្នុងវិស័យបរិស្ថាន ចាប់ផ្តើមយុទ្ធនាការ ផ្លាស់ប្តូរឥរិយាបថសង្គម

២៣ មិថុនា ២០២២ | ព័ត៌មានជាតិ


«យុទ្ធនាការការពារសត្វព្រៃយើង កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» ត្រូវបានចាប់ផ្តើម នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ ក្រោមការចូលរួមពីសំណាក់ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក និងអង្គការដៃគូក្នុងវិស័យបរិស្ថានជាច្រើន ដែលយុទ្ធនាការនេះ ធ្វើឡើង ដើម្បីបណ្តុះគំនិតប្រជាជនកម្ពុជា ឱ្យកាន់តែយល់ដឹងបន្ថែមទៀតពីផលប៉ះពាល់នៃការបរិភោគសាច់សត្វព្រៃ និងចូលរួមការពារព្រៃឈើកម្ពុជា ឱ្យបានកាន់តែច្រើន។  

 


នៅព្រឹកថ្ងៃទី២២មិថុនា ឆ្នាំ២០២២នេះ យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម លើកទី២ ដើម្បីការពារព្រៃឈើ និងសត្វព្រៃត្រូវបានចាប់ផ្តើម ដែលយុទ្ធនាការនេះត្រូវបានចូលរួមពីសំណាក់ ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក (USAID) រួមនឹងអង្គការដៃគូរក្នុងវិស័យបរិស្ថានដូចជា អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) អង្គការសមាគមអភិរក្សសត្វព្រៃ( WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ 

 

 

យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ ការកាត់បន្ថយ ការដាក់អន្ទាក់ ការទិញ/លក់ និងការហូបសាចសត្វព្រៃ ហើយយុទ្ធនាការនេះក៏ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលផ្តោតលើការកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ ខណៈការហូបសាច់សត្វព្រៃ អាចប៉ះពាល់ដល់សុខភាព និងជម្រុញឱ្យមានការប្រមាញ់សត្វព្រៃ។ តាមរយៈយុទ្ធនាការនេះដែរ គឺជម្រុញឱ្យយុវជនកម្ពុជា ក្លាយជា «ជើងឯកបៃតង» ដែលជាគំរូក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តប្រកបដោយជោគជ័យរបស់ពួកគេ ជុំវិញកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា។ 

 

 

ជាមួយគ្នានេះ លោក រីឆាត ឈិន ប្រធានការិយាល័យសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងពីសារៈប្រយោជន៍របស់សត្វព្រៃ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។ លោករំពឹងថា តាមរយៈយុទ្ធនាការនេះ នឹងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការការពារសត្វព្រៃ។ 

 

 

ចំណែកលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងដែរថា ប្រជាជនគ្រប់រូបមានភារកិច្ចរួមក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃនេះ។ ជារឿយៗ ក្រសួងបរិស្ថានក៏បានអំពាវនាវ ឱ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ ក្រសួងក៏តែងតែទទូចឱ្យប្រជាជនកម្ពុជា និយាយពាក្យថា «ទេ ចំពោះសាច់សត្វព្រៃ» ព្រមទាំងត្រូវចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនិងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជាផងដែរ។ 

 

 

គួរឱ្យដឹងដែរថា យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៅក្នុងយុទ្ធនាការអន្ទាក់-សូន្យ ដែលធ្វើឡើងនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងបានប្តេជ្ញារួមគ្នាក្នុងការលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងការបញ្ឈប់តម្រូវការសត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀតនៅកម្ពុជា។ យុទ្ធនាការនេះដែរ មានរយៈពេល ៩ខែ ដោយចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ និងបានផ្តោតលើខេត្តចំនួន៦ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024