ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សម្តេច ទៀ បាញ់៖ កម្ពុជាបានបំពេញតួនាទីជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានពេញលេញ ដោយគ្មានការរើសអើស

២៣ មិថុនា ២០២២ | ព័ត៌មានជាតិ



កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ ដែលរៀបចំនៅកម្ពុជា នៅថ្ងៃទី២២ ខែមិថុនានេះ បានបញ្ចប់ដោយភាពជោគជ័យ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានបញ្ជាក់ថា កម្ពុជាបានបំពេញតួនាទីជាម្ចាស់ផ្ទះបានពេញលេញ ដោយគ្មានការរើសអើសសមាជិកអាស៊ានណាមួយនោះទេ។


នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំ បានបញ្ជាក់ថា កម្ពុជាបានបំពេញតួនាទីជាម្ចាស់ផ្ទះបានពេញលេញដោយគ្មានការរើសអើសសមាជិកអាស៊ានណាមួយនោះទេ។

 

 

សម្តេចពិជ័យសេនា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន បានស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងអនុម័តលើឯកសារមួយចំនួនដូចជា ឯកសារទស្សនទានស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន និងឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន។ 

 

 

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀត ចក្ខុវិស័យភ្នំពេញស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយកូវីដ១៩ និងលក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

 

 

ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានបន្តថា រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏កត់សម្គាល់លើឯកសារពិភាក្សាចំនួន២ រួមមាន១៖ ឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ និង២៖ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រ យោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។

 

 

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ដែលរៀបចំនៅកម្ពុជានេះ បានធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលជាប្រធានកិច្ចប្រជុំ។

 

 

ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏មានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋ មន្ត្រីការពារជាតិអាស៊ាន-ជប៉ុនជារូបវន្ត័ និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្នុងទម្រង់ប្រព័ន្ធវីដេអូ ផងដែរ៕

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024