ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សប្ដាហ៍ទី៣ខែមិថុនានេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់

២២ មិថុនា ២០២២ | សេដ្ឋកិច្ច

 

សប្ដាហ៍ទី៣ខែមិថុនានេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់ តួលេខនេះ បន្តកើនឡើងប្រមាណ១១.៤៥% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ដែលមានភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេសសរុបប្រមាណ ៣៦ម៉ឺននាក់។


បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានអោយដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់ នៅចុងសប្ដាហ៍ទី៣នៃខែមិថុនា ដែលតួលេខនេះ បន្តកើនឡើងប្រមាណ១១.៤៥% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ហើយស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរទស្សនាទូទាំង ប្រទេសសរុប៣៦៤,៦៣៦នាក់ ក្នុងនោះមានភ្ញៀវជាតិប្រមាណ ៣៤ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជិត២ម៉ឺននាក់។

 


គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ កំពត សៀមរាប បាត់ដំបង កែប បន្ទាយមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ និងកំពង់ស្ពឺជាដើម។ ចរន្តនៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋមានការប្រែប្រួលខ្លះធៀបនឹងចុងសប្តាហ៍កន្លងទៅ ដែលភ្ញៀវភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវមកខេត្តជិតៗ ខណៈដែលចុងសប្តាហ៍នេះ ប្រជាពលរដ្ឋភាគច្រើនបានចេញធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅតាមបណ្តាខេត្តឆ្ងាយៗ ពិសេសបណ្តាខេត្តតំបន់ឆ្នេរ ខេត្តសៀមរាប និងបាត់ដំបងជាដើម។

 


ចំណែកឯអត្រាកក់បន្ទប់ស្នាក់នៅក៏មានចំនួនច្រើននាចុងសប្តាហ៍នេះ ពិសេសនៅកំពត កែប ព្រះសីហនុ និងខេត្តសៀមរាប ខណៈដែលកន្លងមកអាជ្ញាធរជាតិអប្សរា ក៏បានដាក់ ឲ្យដំណើរការរមណីយដ្ឋានសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដែលជាអតីតរមណីដ្ឋានភូមិវប្បធម៌។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរអន្តរជាតិនៅ ខេត្តសៀមរាបក៏មានការកើនឡើងមួយចំនួនដែរ បន្ទាប់ពីមានជើងហោះហើរ រវាងទីក្រុងសៀមរាប និងទីក្រុងហូជីមិញ (ព្រៃនគរ) ដែល ប្រតិបត្តិដោយក្រុមហ៊ុន Cambodia Angkor Air ដែលបានបើកដំណើរឡើងវិញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីផ្អាកដំណើរការដោយសារវិបត្តិជំងឺកូវីដ-១៩។

 


ជុំវិញវិស័យទេសចរណ៍នេះដែរ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា បានឲ្យដឹងថា ទេសចរក្នុងស្រុកបានចេញដើរ កំសាន្តមានចំនួន ច្រើនពេញផ្ទៃប្រទេស និងគ្រប់ខេត្តតែម្តង លើសពីការរំពឹងទុករបស់អ្នកជំនាញ ដែលជាសញ្ញាល្អឡើងវិញនៃវិស័យទេសចរណ៍។ លោកជំទាវបន្តថា តាមរយះនៃការចេញដើរកំសាន្តរបស់ប្រជាពលដ្ឋ បានធ្វើអោយសន្ទុះភ្ញៀវទេសចរ ក្នុងស្រុកមានការកើនឡើងខ្លាំងបើប្រៀបធៀបទៅនិងឆ្នាំកន្លងទៅ នឹងបានធ្វើអោយ អាជីវកម្មទេសចរណ៍ ក៏មានការកើនឡើងមកវិញ ដូចនេះចំណូលរបស់ ប្រតិបត្តិករក៏ កើនឡើងផងដែរ។

 


លោកជំទាវ សង្កត់ធ្ងន់ថា  បន្ថែមពីលើនេះ ខាងផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មមួយចំនួនក៏បានបើកឡើងវិញដើម្បីទទួលស្វាគមន៍ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលមកកំសាន្តតាមរមីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ដែរថា គិតត្រឹមតែរយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរ អន្តរជាតិ ចំនួន២៤ម៉ឺននាក់ កើនទ្បើងប្រមាណ១៩០ % ធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០២១ រីឯ ទេសចរណ៍ផ្ទៃក្នុង មានប្រមាណជិត ៥លាននាក់៕

 

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024