ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) ត្រូវបានដាក់សម្ពោធនាព្រឹកថ្ងៃទី១៧មិថុនានេះ 

១៩ មិថុនា ២០២២ | ព័ត៌មានជាតិ

 

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ហ្វដ-ធី អេស អាយ នឹងផ្តល់ឱកាសដល់សិស្សានុសិស្ស និងសិក្ខាកាមនានា អាចទទួលយកការបណ្តុះបណ្តាលទាំងទ្រឹស្តី និងទាំងការអនុវត្តលើជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននេះ បានបើកសម្ពោធ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។


នៅព្រឹកថ្ងៃទី ១៧មិថុនា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ហ្វដ-ធី អេស អាយ ត្រូវបានដាក់សម្ពោធ ក្រោមអធីបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកម្មវិធីនេះធ្វើឡើងនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ 

 

នៅក្នុងការដាក់សម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា វាគឺជាសមិទ្ធិផលមួយទៀត ដែលនឹងចូលរួមចំណែកក្នុងការបណ្តុះបណ្តាលសមត្ថភាព និងកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារការងារដែលមានជាលំដាប់។ 

 

 

ឯកឧត្តមបន្ថែមថា ទៅថ្ងៃអនាគត ឯកឧត្តមចង់ឃើញកូនខ្មែរមានសមត្ថភាពចេះសាងសង់ផ្លូវ ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាបដោយខ្លួនឯង និងមានគុណភាព ជូនជាតិមាតុភូមិ ខណៈដែលវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងក្នុងគោលបំណង បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌វិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាកង្វះជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ 

 

 


ជាមួយគ្នានេះដែរ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌកបច្ចេកទេស ហ្វដ ធី អេស អាយ នេះនឹងត្រូវធ្វើឡើងជាដំណាក់កាលៗ ដោយនៅដំណាក់កាលទី១ ដោយមានការសហការពីក្រុមហ៊ុន អ អិម អេ ផងនោះក្រុមហ៊ុនបាន រៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ និង ផ្ដល់រថយន្ដចំនួន ៥គ្រឿង ដើម្បីឱ្យសិស្សអនុវត្ដនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនោះ គិតជាប្រាក់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក ព្រមទាំងមាន Forklift និង គ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដនៅក្នុងមជ្ឈមណ្ឌល នៅក្នុងដំណាក់កាលបន្ដបន្ទាប់  ដែលគិតជាប្រាក់ប្រហែល ៥០ម៉ឺនដុល្លារអាមេរិក។

 

 

តាមរយៈមជ្ឈមណ្ឌលបច្ចេកទេសហ្វដ-ធី អេស អាយ (Ford-TSI)នេះដែរ លោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី រំពឹងថា នឹងក្លាយជាទីតាំងមួយសម្រាប់សិស្សានុសិស្ស សិក្ខាកាមនានា អាចមទទួលយកការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងផងដែរ។ 

 

 

សូមជម្រាបថាជូនផងដែរថា ការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដនេះ បានចាប់ផ្ដើមនៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ កន្លងមកនេះ ហើយបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ បានបើកឱ្យដំណើរការថ្នាក់រៀនចំនួន២ និងមានសម្ភារៈបរិក្ខាបច្ចេកទេសសម្រាប់សិក្សា និងអនុវត្ដ។

 

 

បន្ទាប់ពីការបណ្ដុះបណ្ដាលរយៈពេល ៤ខែ សិក្ខាកាមត្រូវចុះកម្មសិក្សាបន្ដរយៈពេល ៣ខែ ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០ដុល្លារអាមេរិកក្នុងមួយខែ និងចុងបញ្ចប់សិក្ខាកាមប្រមាណ ៨០% នឹងត្រូវផ្ដល់ការងារនៅក្រុមហ៊ុន ហ្វដ ខេមបូឌា៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024