ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥

មន្ត្រីទទួលបន្ទុកថា ដើម្បីកាត់បន្ថយភាពពិការភ្នែកបាន ត្រូវតែមានការចូលរួមទាំងអស់គ្នា

២៨ ឧសភា ២០២២ | ព័ត៌មានជាតិ


ដើម្បីឱ្យផែនការយុទ្ធសាស្ត្រជាតិស្តីពីគារគ្រប់គ្រង និង បង្ការភាពពិការភ្នែក  អាចសម្រេចបានតាមការរំពឹងទុក យើងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាំងពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងដៃគូពាក់ព័ន្ធ ធនធានមនុស្ស តាំងពីអ្នកឯកទេសជាន់ខ្ពស់ វេជ្ជបណ្ឌិតជំនាញ សម្ភារបរិក្ខាទំនើប សេវាកម្មមានប្រសិទ្ធភាព សមភាព ដែលនឹងផ្តល់ជូនរួមទាំងប្រជាពលរដ្ឋក្រីក្រផង គឺជាអ្វីដែលហៅថា មិនទុកនរណាម្នាក់ចោល ។

 

នេះគឺជាការលើកឡើងរបស់ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការគ្រប់គ្រង និង បង្ការភាពពិការភ្នែក ២០២១-២០៣០ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ នៅឯសណ្ឋាគារភ្នំពេញ ។កម្មវិធីជាតិសុខភាពភ្នែក សម្រេចបានលទ្ធផលជាច្រើនមកហើយ ដូចជាជំងឺត្រាក់កូម លែងជាបញ្ហាសុខភាពសាធារណៈ ជំងឺខ្វាក់មាន់ ត្រូវបានលុបបំបាត់ទាំងស្រុង អត្រាពិការភ្នែក បានថយចុះពី ១,២ ភាគរយ នៅឆ្នាំ១៩៩៥ មកនៅត្រឹមតែ ០,៣៧ ភាគរយ ក្នុងឆ្នាំ២០១៩ ។

 


ទោះយ៉ាងណា សុខភាពភ្នែកនៅតែជាកត្តាប្រឈម ដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម មនុស្សរស់នៅបានយូរជាងមុន ដែលបច្ចុប្បន្ននេះជាមធ្យមប្រជាជនកម្ពុជា មានអាយុលើសពី៧០ ឆ្នាំ កត្តាបច្ចេកវិទ្យា ដូចជាកុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន និងខ្វះការយល់ដឹងអំពីវិធីថែរក្សាភ្នែកឱ្យបានត្រឹមត្រូវជាដើម ។ ហេតុនេះទើបកម្ពុជា ដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិទី៣ ២០២១-២០៣០  ក្នុងគោលដៅកាត់បន្ថយអត្រាពិការភ្នែកឱ្យនៅត្រឹមតែ ០,៣៥ ភាគរយ ។

 


ឯកឧត្តម ងី ម៉េង បានបន្ថែមថា បច្ចុប្បន្ន មន្ទីរពេទ្យរដ្ឋដែលផ្តល់សេវាចក្ខុរោគ  នៅរាជធានីភ្នំពេញ មាន៤ កន្លែង , ថ្នាក់តំបន់មាន ២  , មន្ទីរពេទ្យបង្អែកខេត្តចំនួន ២២ , មណ្ឌលថែទាំភ្នែកចំនួន ១៨ និងមន្ទីរឯកទេសភ្នែកជាន់ខ្ពស់ថ្នាក់ជាតិ ដោយមានអ្នកឯកទេសជាន់ខ្ពស់ចក្ខុសាស្ត្រចំនួន ៦០ រូប, ចក្ខុបណ្ឌិត ១០៣ រូប ចក្ខុបដ្ឋាក ចក្ខុមាត្រការី ចំនួន២៦៣ រូប និងអ្នកដែលកំពុងបណ្តុះបណ្តាលជាច្រើននាក់ទៀត ។

 


លើសពីនេះទៅ បុគ្គលម្នាក់ ៗ ក៏តោងតែអនុត្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ដែរក្នុងការថែរក្សាសុខភាពភ្នែក ។ ហេតុនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើសារជូនសាធារណជនថា ដើម្បី ថែរក្សាភ្នែកឱ្យបានល្អ ធ្វើយ៉ាងណា កុំឱ្យមានអ្វីប៉ះ ឬ បុកភ្នែក ,  រក្សាអនាម័យជាប់ជាប្រចាំ កុំជូតភ្នែកដោយរបស់មិនស្អាត ព្រោះវាអាចធ្វើឱ្យស្រអាប់កញ្ចក់ភ្នែក  បណ្តាលឱ្យមានជំងឺផ្សេងៗ បើមានបញ្ហាភ្នែក សូមរូតរះទៅមន្ទីរពេទ្យ ហើយធ្វើយ៉ាងណាកុំឱ្យមានជំងឺទឹកនោមផ្អែម៕

 

 

អត្ថបទ៖ ខឿន សាឃាង      រូបភាព៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025