ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

២១ ឧសភា ២០២២ | ព័ត៌មានជាតិ


គណបក្សនយោបាយមួយចំនួន នឹងធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ចាប់ពីថ្ងៃទី២១ ខែឧសភាស្អែកនេះតទៅ។ សកម្មភាពនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ រយៈពេល ១៤ថ្ងៃនេះ នឹងមានការផ្សព្វផ្សាយ បញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយរបស់ពួកគេ។ ក្នុងរយៈពេលឃោសនាបោះឆ្នោត រហូតដល់ថ្ងៃទី៣មិថុនាខាងមុខនេះ ក៏នឹងមានការការសម្របសម្រួលពីអាជ្ញារធរមូលដ្ឋាន ដើម្បីអាចរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ 

 


គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី ២០ឧសភានេះ ដើម្បីឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះទាំងអស់អាចផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោតនេះ មានរយៈពេល ១៤ថ្ងៃ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣មិថុនាឆ្នាំ២០២២ខាងមុខ និងត្រូវបញ្ឈប់រាល់សកម្មភាពឃោសនា ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។

 

 

ហើយការឃោសនានេះដែរ គឺជាសកម្មភាពមួយដែលធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។  រាល់សកម្មភាពឃោសនាទាំងអស់ អាចធ្វើឡើងចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ និងត្រូវបានហាមឃាត់ចន្លោះពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។  ទន្ទឹមនឹងនេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា គណបក្សនយោបាយជាច្រើនបានស្នើសុំយកថ្ងៃទី១ នៃការចាប់ផ្តើមឃោសនា ជាថ្ងៃហែក្បួនរបស់គណបក្សរបស់ពួកគេនីមួយៗ ដោយការស្នើសុំក្នុងការហែក្បួន អាចមានការប្រើប្រាស់ទោចក្រយានយន្ត ជាដើម។ 

 

 

 

ក្រៅពីនេះដែរ គណបក្សនយោបាយនីមួយៗ ត្រូវរក្សាសណ្តាប់ធ្នាប់តាមក្បួនឃោសនារបស់ខ្លួនឱ្យបានល្អ ជាពិសេសនៅតាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។

 

 

ជាមួយនឹងការខិតជិតមកដល់នេះដែរ គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួន ក៏ដូចជាត្រៀមនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោត ដើម្បីអាចចូលរួមការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

 

 

 


អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ និន សុខលី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024