ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ក្រុមហ៊ុនធំៗនៅកម្ពុជា បង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះទីផ្សារមូលបត្រកម្ពុជា

១៩ ឧសភា ២០២២ | សេដ្ឋកិច្ច

 

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានថ្លែងឲ្យដឹងថា អស់រយៈពេល ១០ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ ២០១២មក វិស័យមូលបត្រកម្ពុជា នៅមានទំហំតូចនៅឡើយ បើធៀបនឹងទីផ្សារប្រទេសជិតខាង ដែលធ្វើឲ្យ ក្រុមហ៊ុនធំៗ នៅក្នុងប្រទេសកម្ពុជា មិនទាន់ចាប់អារម្មណ៍ជាមួយការបោះផ្សាយលក់ភាគហ៊ុន ឬប័ណ្ណបំណុលនៅក្នុងទីផ្សារមួយនេះ។

 



ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបង្ហើបដែរថា មានក្រុមហ៊ុនធំៗមួយចំនួន បានចាប់ផ្តើមសិក្សា និងសម្លឹងមើលពី សក្តានុពលនៃការវិនិយោគក្នុងវិស័យមួយនេះ ជាបណ្តើរៗហើយ។

 


ទោះយ៉ាងណា អ្នកទាំង ២ខាងលើ សុទ្ធតែមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនជាច្រើន នឹងចាប់អារម្មណ៍មកលើផ្សារមូលបត្រកម្ពុជា ហើយនៅពេលដែលមានក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន ទំហំជួញដូរ នឹងកាន់តែរីកធំជាងមុន។

 


ជាក់ស្តែងគិតត្រឹមខែមេសា ឆ្នាំ ២០២២នេះ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៩ស្ថាប័ន ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៧ស្ថាប័ន  ហើយទំហំនៃការជួញដូរហ៊ុននៅលើផ្សារមូលបត្រ ក្នុងឆ្នាំ ២០២១ មានជាង ២៧ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ អ្វីដែលពិសេសជាងនេះទៅទៀត គឺនៅ ៤ខែដើមឆ្នាំ ២០២២នេះ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ គឺមានដល់ទៅ ១លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ អ៊ិន អាត និងឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025