ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

មាតាបិតាសិស្ស សាទរយ៉ាងខ្លាំង ដែលក្រសួងអប់រំ បើកឱ្យសិស្សសិក្សាពេញលេញឡើងវិញ

១៤ ឧសភា ២០២២ | ព័ត៌មានជាតិ

 


កាលអំឡុងពេលសាលារៀនបិទ និងពេលដែលត្រូវសិក្សាចម្រុះនោះ កូនៗលេងច្រើន ពុំសូវយកចិត្តទុកដាក់នឹងការសិក្សាឡើយ ។ ប៉ុន្តែពេលនេះ ពួកគាត់លែងសូវលេងហើយ គឺពួកគាត់យកចិត្តទុកដាក់ទៅលើការសិក្សាយ៉ាងច្រើន ។ ម្យ៉ាងទៀត អំឡុងពេលសិក្សាចម្រុះនោះ យើងខ្ញុំជាឪពុកម្តាយ ត្រូវចំណាយពេលជាមួយកូនៗប្រមាណជា ៥០ ភាគរយ នៃ ការសិក្សារបស់កូនៗ ។

 

 

ប៉ុន្តែឥឡូវនេះ ពោលគឺនៅពេលដែលក្រសួងអប់រំ បើកឱ្យសិក្សាពេញលេញឡើងវិញនេះ យើងខ្ញុំមានពេលច្រើនជាងមុនសម្រាប់ធ្វើការ និងប្រកបមុខរបរផ្សេងៗ ដែលប្រការនេះបានសេចក្តីថា មិនមែនគ្រាន់តែជាការស្តារឡើងវិញនូវវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងបានជួយសម្រួលយ៉ាងច្រើនដល់យើងខ្ញុំជាឪពុកម្តាយផងដែរ ។ នេះគឺជាការលើកឡើងរបស់មាតាបិតាអាណាព្យាបាលសិស្ស អំពីការណ៍ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់វិស័យ និងគ្រប់កម្រិតសិក្សាពេញលេញឡើងវិញ ។

 


គប្បីរំឭកថា តាំងពីកម្ពុជា រងការញាំញីដោយជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ មក សាលារៀននៅទូទាំងប្រទេសត្រូវបានបិទ ជំនួសដោយការសិក្សាពីចម្ងាយ និងការសិក្សាតាមអនឡាញជាដើម ។ ក្រោយមក នៅពេលស្ថានភាពប្រទេសបានធូរស្រាលបន្តិច សាលារៀន ត្រូវបានបើកដោយមានកម្រិត ហើយសិក្សាតាមអ្វីដែលហៅថាសិក្សាចម្រុះ ពោលគឺសិក្សានៅក្នុងថ្នាក់រៀនខ្លះ ជាបណ្តុំខ្លះ តាមសន្លឹកកិច្ចការខ្លះ សិក្សាពីចម្ងាយខ្លះ និងសិក្សាតាមអនឡាញខ្លះជាដើម ដែលប្រការនោះ ពិតជាត្រូវការឱ្យឪពុកម្តាយ និងអ្នកអាណាព្យាបាល ចំណាយពេលវេលាច្រើន យកចិត្តទុកដាក់ជួយពន្យល់សិស្សានុសិស្សជំនួសគ្រូ ។

 

 

ប៉ុន្តែបន្ទាប់ពីមួយរយៈចុងក្រោយនេះស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា កាន់តែល្អប្រសើរឡើងនោះ ទើបក្រសួងអប់រំ សម្រេចអនុញ្ញាតឱ្យសិស្សានុសិស្សសិក្សាពេញលេញឡើងវិញ ។ក្នុងបរិបទនេះ ឯកឧត្តមបណ្ឌិត រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានដឹងថា ការណ៍ដែលក្រសួងអប់រំ សម្រេចអនុញ្ញាតឱ្យសិស្សានុសិស្សសិក្សាពេញលេញឡើងវិញនេះ គឺដោយយោងតាមស្មារតីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃ ២៥-២៧ មេសា ២០២១ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

 


ទោះយ៉ាងណា ក្រសួងអប់រំ យុវជន និងកីឡា នៅតែក្រើនរំឭកដល់អ្នកពាក់ព័ន្ធទាំងឡាយ ឱ្យបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី ធានាសុវត្ថិភាពសុខភាពសិក្សា នៃ ដំណើការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន តាមគន្លងប្រក្រតីភាពថ្មី នៃ វិស័យអប់រំ ជាពិសេសបន្តអនុវត្តវិធានការ ៣ការពារ ៣កុំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ៕

 

 

អត្ថបទ៖ ខឿន សាឃាង   រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024