ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ក្រោយពេលដាក់ដំណើរការបានរយៈពេល ៥ខែ ផ្លូវដែករវាងប្រទេសចិន និងប្រទេសឡាវ កាន់តែមានភាពរីកចម្រើនទាំងការជញ្ជូនអ្នកដំណើររាប់លាននាក់ និងការដឹកជញ្ជូនទំនិញរាប់សែនតោនផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។
ផ្លូវដែករវាងចិន និងឡាវ ដែលជាគម្រោងដ៏សំខាន់នៃ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលមានគុណភាពខ្ពស់ បានគ្រប់គ្រងទំនិញចំនួន ៤៦ម៉ឺនតោន ដែលមានតម្លៃប្រហែល ៧៦០លានដុល្លារអាមេរិក ចាប់តាំងពីវា ត្រូវបានដាក់ឱ្យដំណើរការ កាលពីខែធ្នូ ឆ្នាំ ២០២១។
ការនាំចូល និងនាំចេញរបស់ផ្លូវដែកមួយ បានគ្របដណ្តប់វិស័យចំនួន ១៨ ដោយមានទំនិញជាង ៧០០ប្រភេទ រួមមាន ផលិតផលកសិកម្ម ផលិតផលគ្រឿងយន្ត និងអគ្គិសនី និងសារធាតុរ៉ែ។
បើតាមក្រុមហ៊ុន China State Railway Group បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងនៃការដាក់ឲ្យដំណើរការផ្លូវដែកនេះ វាបានដឹកជញ្ជូនអ្នកដំណើរជាង ២លាន ២សែននាក់ គិតត្រឹមដើមខែមេសា ឆ្នាំ ២០២២នេះ។
ផ្លូវរថភ្លើងដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញ រត់លើចម្ងាយផ្លូវសរុប ១០៣៥គីឡូម៉ែត្រ រួមទាំងចម្ងាយ ៤២២គីឡូម៉ែត្រក្នុងប្រទេសឡាវ ពីទីក្រុងគុនមីង ខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ទៅកាន់ រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ហើយវាជួយបំប្លែង ប្រទេសឡាវ ពីប្រទេសផ្លូវគោកទៅជា មជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោក ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាង ទីក្រុងទាំងពីរ មកនៅត្រឹម ១០ម៉ោង។
សូមជម្រាបផងដែរថា ផ្លូវដែកនេះ តភ្ជាប់ប្រទេស និងតំបន់ជាង ១០ រួមមានប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងសិង្ហបុរី ដែលគម្រោងនេះបានជួយសម្រួលយ៉ាងខ្លាំងដល់ ការដឹកជញ្ជូនទំនិញរវាងប្រទេសចិន និង អាស៊ាន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ CCTV