ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ផ្លូវនៅក្នុងឃុំពើក ខេត្តកណ្តាល ប្រវែងជិត ៣គីឡូម៉ែត្រ បានចាប់ផ្តើមជួសជុលស្ថាបនា ខណៈដែលផ្លូវបច្ចុប្បន្ន មានសភាពខូចខាតខ្លាំង។ ប្រជាពលរដ្ឋ បានបង្ហាញក្តីសាទរ រំពឹងថា ក្រោយពេលស្ថាបនារួចរាល់ ការធ្វើដំណើរទៅបំពេញការងារ ទៅសាលារៀនរបស់ក្មេងៗ ក្នុងភូមិ និងទៅកាន់ទីផ្សារ ជាដើម លែងលំបាកដូចបច្ចុប្បន្នទៀតហើយ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្ហាញក្តីសាទរសប្បាយរីករាយ ក្រោយពេលគ្រឿងចក្រ បានចាប់ផ្តើមដំណើរការឈូសឆាយសា្ថបនាផ្លូវក្នុងភូមិប្រវែងជិត ៣គីឡូម៉ែត្រ។ ក្រុមប្រជាពលរដ្ឋ បានរំពឹងថា ក្រោយពេលស្ថាបនារួចរាល់ ការធ្វើដំណើរទៅបំពេញការងារ ទៅសាលារៀនរបស់ក្មេងៗក្នុងភូមិ និងទៅកាន់ទីផ្សារជាដើម លែងលំបាកដូចបច្ចុប្បន្នទៀតហើយ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់ និងបើកការដ្ឋានជួសជុលផ្លូវប្រវែងជិត៣ពាន់ម៉ែត្រ នៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ឯកឧត្តម សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ជាក់ថា ការចាប់ផ្តើមជួសជុលស្ថាបនាផ្លូវប្រវែងជិត៣គីឡូម៉ែត្រនាពេលនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស សិស្សនិស្សិតទៅសាលារៀន និងកម្មករ កម្មការិនី ទៅបំពេញការងារ ខណៈដែលនៅក្នុងឃុំពើកទាំងមូលមានរោងចក្រចំនួន ជាង៣០ ដែលមានកម្មករ កម្មការិនី ច្រើនម៉ឺននាក់កំពុងធ្វើការ។
គួរបញ្ជាក់ថា ឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មានភូមិចំនួន១៩ភូមិ ។
តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពើក បានធ្វើឃុំមានការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះមានការស្ថាបនាជាផ្លូវបេតុង និងបានដាក់អំពូលសូឡាតាមផ្លូវក្នុងឃុំ មានប្រវែងសរុបជាង ២០គីឡូម៉ែត្រ៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឃាំង ទូច