ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥
របាយការណ៍ក្រសួកសិកម្មបញ្ចាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២ នេះកម្ពុជាសម្រេចនាំចេញផ្លែស្វាយស្រស់ បានជាង ៨ម៉ឺនតោន ថយចុះជាង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ការធ្លាក់ចុះការនាំចេញផ្លែស្វាយស្រស់នាពេលនេះ គឺដោយសារតែបញ្ហាការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ជួបឧបសគ្គកច្រើន ដោយសារការរីករាលដាលជាសកលនៃជម្អឺកូវិដ ១៩ មានការត្រួតពិនិត្យតឹងតែង ។
ឯកឧត្តមបន្តថា ឧបសគ្គសំខាន់មួយទៀតគការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថាមិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃប្រទេសចិន ។
ជុំវិញនឹងទីផ្សារស្វាយនេះដែរ លោកឧកញ៉ា ម៉ុង ឬទ្ធី អ្នកជំនាញកសិកម្ម និងជាម្ចាស់ចំការដំណំាស្វាយដ៏ធំនៅខេត្តកំពង់ស្ពឺ បានប្រាប់ភីអិន កាលពីពេលថ្មីៗថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បាននឹងកំពុងទាញទម្លាក់បរិមាណនៃការនាំចេញ រួមទាំងតម្លៃទីផ្សារស្វាយនៅកម្ពុជាផងដែរ ខណៈ ដែលទីផ្សារប្រកួតប្រជែងជាមួយប្រទេសជិតខាងក៏កំពុងតែកើនឡើងខ្លាំង។
លោកឧកញ៉ា បន្តអះអាងទៀតថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានជះឥទ្ធិពលអាក្រក់ដល់ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាផងដែរ ខណៈតម្លៃប្រេង និងថាមពលនានា នៅលើទីផ្សារសកលលោក បន្តកើនឡើងថ្លៃ ធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនបន្តកើនឡើងថ្លៃដូចគ្នា។
របាយការណ៍ក្រសួងកសិកម្ម ឆ្នាំ ២០២១ ការនាំចេញផ្លែស្វាយស្រស់ និងផលិតផលពីផ្លែស្វាយមានបរិមាណសរុប ២៦ម៉ឺនតោន ដោយក្នុងនោះផ្លែស្វាយស្រស់មាន ២៤ម៉ឺនតោន កើនឡើង ១៤ភាគរយ ពោលគឺទីផ្សារវៀតណាមបានស្រូបយកផលិតផលផ្លែស្វាយស្រស់ច្រើនជាងគេប្រមាណ ១៩ម៉ឺនតោន ថៃ ៣ម៉ឺនតោន ចិនជិត២ម៉ឺនតោន និងកូរ៉េជាង១០០តោន។
ដោយឡែកនៅត្រីមាសទី១ ឆ្នាំ២០២២ នេះកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ប្រមាណជាង ៨ម៉ឺន១ពាន់៤១៨តោន ថយចុះជាង២០ ភាគរយ ក្នុងនោះនាំចេញទៅប្រទេស វៀតណាមជាង ៤ម៉ឺនតោន ចិនជាង ២ម៉ឺន២ពាន់តោន ប្រទេសថៃជាង ១ម៉ឺន៨ពាន់តោន និងប្រទេសកូរ៉េជាង ១៤២តោន៕
អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ