ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
សូមសាធារណជនទាំងអស់នៅទូទាំងប្រទេស មេត្តាបង្កើនការប្រុងប្រុងប្រយ័ត្នខ្ពស់ និង គ្រប់ពេលវេលា ជាងបណ្តាឆ្នាំណាៗទាំងអស់ ធ្វើយ៉ាងណា កុំឱ្យមូសខ្លាញីខាំ ។ ប្រុងប្រយ័ត្នខ្ពស់លើសឆ្នាំណាៗ កុំឱ្យមូសខ្លាញីខាំដោយហេតុថា ឆ្នាំ ២០២២ នេះ គឺជាឆ្នាំទី៣ ស្ថិតក្នុងវដ្តឆ្នាំ នៃ ជំងឺគ្រុនឈាម ពោលគឺជាឆ្នាំដែលមានការផ្ទុះជំងឺគ្រុនឈាមខ្លាំង ដែលឆ្នាំវដ្ដនេះ គឺមានរយៈពេល ៥ ឆ្នាំម្តង ។ នេះគឺជាការផ្ញើសារក្រើនរំឭករបស់លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃ ក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទ របស់ PNN នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ ។
ប៉ុន្មានសប្តាហ៍ នៃ ដើមឆ្នាំ២០២២ នេះ ត្រូវបានកត់ចំណាំឃើញថា មានមូសច្រើនគួរឱ្យកត់សម្គាល់រួចទៅហើយ ហើយលោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានពន្យល់ថា ការកើនឡើង នៃ វត្តមានមូស ដែលជាមូលហេតុនាំឱ្យមានករណីជំងឺគ្រុនឈានៅឆ្នាំនេះ ដោយសារកត្តាប្រែប្រួលអាកាសធាតុ ជាពិសេសអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន ខណៈមានការសាងសង់សំណង់អគារធំៗ ដែលមានមនុស្សរស់នៅច្រើន និងមានបរិស្ថានមិនស្អាតល្អជាដើម ក៏ជាកត្តាផ្សេងទៀតដែលបណ្តាលឱ្យងាយកកើតមូសច្រើនដែរ ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ជាផ្នែកមួយ នៃ ការត្រៀមសម្រាប់ទប់ស្កាត់ជំងឺគ្រុនឈាមនៅឆ្នាំនេះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេត ប្រមាណជា១០០តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ប្រមាណជា ៦ ពាន់លីត្រ មួយអន្លើដោយខិតប័ណ្ណអប់រំស្តីពីជំងឺគ្រុនឈាម ដើម្បី បង្ការ និង ការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ។
ក្នុងន័យនេះ ដើម្បី បង្ការ ឬ ការពារទប់ស្កាត់កុំឲ្យកើតជំងឺគ្រុនឈាមដល់កុមារ និង មនុស្សគ្រប់វ័យ លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់សាធារណជន និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់នៅទូទាំងប្រទេស ត្រូវចូលរួមសម្អាតអនាម័យនៅជុំវិញលំនៅឋាន និង ទីសាធារណៈឲ្យបានស្អាតល្អ ដូចជាលុបបំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗ និង រាល់វត្ថុដែលអាចដក់ទឹកបាន ព្រោះវាជាជម្រក នៃ ការកកើតដង្កូវទឹកដែលអាចនាំឱ្យវិវត្តន៍កើតទៅជាមូសខ្លាដែលជាភ្នាក់ងារបង្កើតជំងឺគ្រុនឈាម ។
លោកវេជ្ជបណ្ឌិតប្រធានកម្មវិធីជាតិ បានផ្តាំផ្ញើថា ក្នុងករណីសង្ស័យថាមានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៧,៥ អង្សាឡើងទៅ និងមានរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែក ចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួត ឬ ក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុជៗក្រហមលើស្បែក ឬ មានហូរឈាមតាមអញ្ចាញធ្មេញជាដើម ចូររួសរាន់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បី ឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ចៀសវាងស្វែងរកការព្យាបាលដោយខ្លួនឯង ក៏ដូចជាការផ្សំថ្នាំនៅតាមគ្លីនិកឯកជនជាដើម ពុំនោះទេ វាអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ