ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្លែងក្នុងកម្មវិធីដាក់ឲ្យដំណើរការជាផ្លូវការ ក្របប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា នេះជាកិច្ចខិតខំប្រឹងប្រែងចូលរួមអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើតឡើងនូវ ក្របប្រតិបត្តិ ដែលមានស្តង់ដាររួមមួយ សំដៅបង្កើនក្រមសីលធម៌វិជ្ជាជីវៈ ពង្រីងបន្ថែមការផ្តល់សេវាហិរញ្ញវត្ថុ និងជាពិសេសគឺ គាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
នាឱកាសនោះ បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ដែរថា ការដាក់ឲ្យប្រើប្រាស់នូវ ក្របប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ គឺមានគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ បង្កើនកិច្ចការពារអតិថិជន បង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជនដែលងាយរងគ្រោះ។
បន្ថែមលើនេះ លោកបណ្ឌិត បន្តទៀតថា ការបង្កើតក្របនេះ ក៏ស្របទៅនឹងការចូលរួមចំណែកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឲ្យមានភាពរឹងមាំ ផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត កំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈប្រកបដោយទំនួលខុសត្រូវ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានលើកឡើងដែរថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្នុងថេរៈវេលាមួយសមស្រប ដើម្បីធានានូវ និរន្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា ហើយដើម្បីឲ្យក្រមប្រតិបត្តិនេះ អនុវត្តបានទូលំទូលាយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកំណត់វិសាលភាពនៃការអនុវត្តចំពោះ គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុដែលរួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភិតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ព្រមទាំងសមាជិករបស់ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាផងដែរ។
លោក ប៉ិល រ៉េម៉ីស៊ីសុផន ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក៏បានថ្លែងដែរថា ការដាក់ឲ្យប្រើប្រាស់នូវ ក្របប្រតិបត្តិនេះ គឺជាភស្តុតាងច្បាស់លាស់ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីរក្សា និងបង្កើននូវទំនុកចិត្តរបស់អតិថិជន ហើយក្រមនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋទូទៅ និងអាជីវកម្មខ្នាតតូច។
សូមជម្រាបថា កាលពីឆ្នាំ ២០២១កន្លងទៅ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែដើរទៅមុខយ៉ាងរលូន ដោយទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារនៅកម្ពុជា បានឈានដល់ ៦០ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១៨% ធៀបទៅនឹងឆ្នាំ ២០២០ ហើយវាជា អត្រាកំណើនខ្ពស់ជាងឆ្នាំមុនៗ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ អ៊ិន អាត