ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

អ្នកមកពិនិត្យ និងព្យាបាលភ្នែក នៅមន្ទីរពេទ្យគៀនឃ្លាំង ភាគច្រើន ជាមនុស្សចាស់ និងមានបញ្ហាភ្នែកធ្ងន់ធ្ងរ

០៩ កុម្ភៈ ២០២២ | ព័ត៌មានជាតិ


ផ្ដល់បទសម្ភាសន៍ឱ្យ PNN  នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត ឡាច សុភារ៉ា ឯកទេសភ្នែក និងជំងឺទូទៅនៃមន្ទីរពេទ្យគៀនឃ្លាំង  បានឱ្យដឹងថា ជាទូទៅអ្នកដែលមកពិនិត្យភ្នែក និងព្យាបាលភ្នែកភាគច្រើន គឺជាមនុស្សចាស់  និងមានជំងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន ទឹកដក់ក្នុងភ្នែក និងមានបញ្ហាជាច្រើនទៀត ដូចជា ទឹកនោមផ្អែម និងដំបៅភ្នែក ដែលមកពីការពិនិត្យ និងព្យាបាលមិនបានត្រឹមត្រូវ។ 

 

 

តាមការបញ្ជាក់បន្ថែមពីវេជ្ជបណ្ឌិត ឡាច សុភារ៉ា  អ្នកដែលមកពិនិត្យ និងព្យាបាលភ្នែកនៅមន្ទីរពេទ្យ គៀនឃ្លាំងភាគច្រើន ទាល់តែឈឺខ្លាំង និងជាប្រភេទជំងឺភ្នែកដែលធ្ងន់ធ្ងរ។

 

 

ជុំវិញរឿងនេះដែរ ពលរដ្ឋមួយរូបដែលបានមកពិនិត្យ និងព្យាបាលភ្នែក នៅមន្ទីរគៀនឃ្លាំង អ្នកស្រី ស៊ឹម ពេជ្រ មានវ័យ ៧១ឆ្នាំ រស់នៅខេត្តកំពង់ចាម បានឱ្យដឹងថា អ្នកស្រីមានជំងឺក្នែកឡើងបាយ និងបានវះកាត់ភ្នែកនៅមន្ទីរពេទ្យគៀនឃ្លាំង។ 

 

 

ចំណែក លោក ជា ទី ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា រូបគេមាន បញ្ហាក្រហមភ្នែក ដែលពុំបានចាប់អារម្មណ៍ទាល់តែ សោះ លុះបានការជំរុញពីមិត្តភក្ដិ ទើបសម្រេចចិត្តមកពិនិត្យ និងព្យាបាលភ្នែក។

 

 

គួរបញ្ជាក់ដែរថា  មន្ទីរពេទ្យគៀនឃ្លាំង ឬមជ្ឈមណ្ឌលស្តារនីតិសម្បទាគៀនឃ្លាំង មានទីតាំង ស្ថិតនៅផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំពោះ រាល់ការពិនិត្យភ្នែកនៅក្នុងមន្ទីរពេទ្យគៀនឃ្លាំង គឺមិនមានការបង់ប្រាក់នោះឡើយ។ នេះបើ តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឡាច សុភារ៉ា ឯកទេសភ្នែក និងជំងឺទូទៅនៃមន្ទីរពេទ្យគៀនឃ្លាំង   រាល់ការពិនិត្យភ្នែកនៅមន្ទីរពេទ្យគៀនឃ្លាំង៕
 

 

អត្ថបទ៖ ជុំ ជោគជាតា      រូបភាព៖ សុខ ពិសិដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025