ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ទូតខ្មែរ នៅវៀតណាម ថៃ ជប៉ុន និងម៉ាឡេស៊ី ផ្ដល់ជំនួយដល់ពលរដ្ឋជួបការលំបាក ក្នុងបរិបទកូវីដ-១៩

៣១ សីហា ២០២១ | ព័ត៌មានជាតិ

មន្ត្រីស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសវៀតណាម ថៃ ជប៉ុន និងម៉ាឡេស៊ីបានផ្ដល់កិច្ចអន្តរាគមន៍ និងផ្ដល់ជំនួយជាបន្តបន្ទាប់ ជូនពលរដ្ឋខ្មែរ ដែលជួបការលំបាកក្នុងបរិបទកូវីដ-១៩។ នេះបើតាមការឱ្យដឹងពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស។ 

 


តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានឱ្យដឹងអំពីកិច្ចខិតខំរបស់មន្ត្រីក្រសួងការបរទេសកម្ពុជានៅតាមបណ្ដាប្រទេសនានាដែលបានផ្ដល់ជំនួយអន្តរាគមន៍សម្របសម្រួល និងជំនួយជាសម្បៀងអាហារ និងសម្ភារៈជូនពលរដ្ឋខ្មែរដែលជួបការលំបាកក្នុងបរិបទកូវីដ- ១៩។


បើតាមឯកឧត្តម កុយ គួង គិតពីថ្ងៃទូទី២៧ ខែសីហា នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញនាំយកយកអំណោយស្បៀងអាហារផ្ដល់ជូនប្រជាពលរដ្ឋខ្មែរ៧ គ្រួសារ ដែលជួបការលំបាកខ្លាំង នៅខណ្ឌចំនួន ៤ផ្សេងគ្នា នៅក្រុងហូជីមិញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខកំប៉ុង ទឹកដោះគោខាប់ ទឹកត្រី  ទឹកស៊ីអ៊ីវ ប្រេងឆាម្សៅពោត ម៉ាស និងសាប៊ូកក់សក់។ 

 


នៅវៀតណាមនោះដែរ មន្ត្រីស្ថានទូតក៏បាននាំយកមានលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ប្រមាណ១តោនចែកជូនសិក្ខាកាមយោធា និងនិស្សិតកម្ពុជា១៩៨នាក់ កំពុងសិក្សានៅ ១៤ មហាវិទ្យាល័យផ្សេងគ្នានៅទីក្រុងហូជីមិញ។ 


នៅថ្ងៃនោះដែរ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបាននាំយកអង្ករ ត្រីខ បន្លែ ប្រេងឆា និងសាច់ ចែកជូនពលករខ្មែរ៥០គ្រួសារ ដែលរស់ក្នុងតំបន់បិទខ្ទប់ ២ខែក្នុងប្រទេសថៃ និងមិនទាន់ដឹងថាអាចបើកវិញនៅថ្ងៃណា។ 

 


ដោយឡែកនៅថ្ងៃ ទី២៨ ខែសីហា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុននិងសហការី ក៏បានជួបសំណេះសំណាល និងឧបត្ថម្ភអង្ករ មីត្រីខកំប៉ុង និងនំមួយចំននដល់និស្សិតកម្ពុជាចំនួន១៤រូប  ដែលកំពុងសិក្សានៅទីក្រុងតូក្យូ។ 


នៅថ្ងៃដដែរនោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីឯណេះវិញ បានអន្តរាគមន៍   ជួយសម្របសម្រួលបញ្ជូនពលករពលការិនី និងកុមារសរុបចំនួន៩រូប ឱ្យបានវិលត្រឡប់មកកម្ពុជានៅថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ។

 


សូមបញ្ជាក់ជាប្រចាំ ស្ថានទូតកម្ពុជានៅតាមបណ្ដាប្រទេសនានាបានធ្វើបច្ចុប្បន្នភាពព័ត៌មានជូនពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩នៅប្រទេសទាំងនោះ នឹងបានអំពាវនាវក្រើនរំលឹកឱ្យពលរដ្ឋខ្មែរទាំងអស់គោរពតាមវិធានសុខភាព និងវិធានការរដ្ឋបាលរបស់អាជ្ញាធរ។ 


អ្នកនាំពាក្យក្រសួងការបរទេស ឯកឧត្តម កុយ គួង និងក៏ដូចគ្នា ស្ថានទូតកម្ពុជាតាមបណ្ដាប្រទេសនានាបានណែនាំឱ្យពលរដ្ឋខ្មែរទាក់ទងមកស្ថានទូតភ្លាមៗប្រសិនបើជួបការលំបាកណាមួយក្នុងអំឡុងពេលប្រមុខនឹងជំងឺនេះ និងសូមកុំទាន់វិលមកប្រទេសកម្ពុជាវិញបើគ្មានការចាំបាច់៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ក្រសួងការបរទេស
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024