ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

អគ្គរាជទូតខ្មែរ ចុះផ្ដល់ជំនួយសង្គ្រោះជូនពលរដ្ឋជួបការលំបាកដោយសារកូវីដ នៅប្រទេសថៃ

២៨ មករា ២០២១ | ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកជំនួយសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាកដោយសារបញ្ហាកូវីដ១៩។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេស។

 

 

បើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៧មករានេះ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានសហការជាមួយអាជ្ញាធរ និងមន្ត្រីសុខាភិបាលថៃ ចុះផ្ដល់ជំនួយគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋខ្មែរចំនួន ៧០គ្រួសារ។

 


ជំនួយដែលស្ថានទូតបានផ្ដល់ជូនពលរដ្ឋនោះ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល ម៉ាស់ ព្រមទាងថវិកាមួយចំនួន ដើម្បីសម្រាលការលំបាកពីប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងការងារ។

 


ឯកឧត្តមឯកអគ្គរាជទូតបានណែនាំបងប្អូនពលករ បន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្ជួន ហើយបើមានបញ្ហាប្រឈមសូមទាក់ទងស្ថានទូតទាំងតាមទូរស័ព្ទ និងហ្វេសប៊ុកផេក។

 


យោងតាមរបាយការណ៍ក្រសួងការងារ មានពលរដ្ឋខ្មែរភាគច្រើនជាពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃប្រមាណ១លាន២សែននាក់។  របាយការណ៍ក្រសួងសុខាភិបាលថៃចេញផ្សាយកាលពីថ្ងៃទី៧មករាដើមឆ្នាំ២០២១បង្ហាញថាមានពលរដ្ឋខ្មែរនៅថៃជាង១០០នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអ្នកឆ្លងសរុបជិត១ម៉ឺននាក់៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024