ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកនាំពាក្យថា ស្ថានទូត និងកុងស៊ុលខ្មែរ កំពុងខ្នះខ្នែងជួយពលករ ដែលឆ្លងកូវីដ-១៩ នៅប្រទេសថៃ

២២ កក្កដា ២០២១ | ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសថៃ កំពុងខិតខំខ្នះខ្នែង ជួយដល់ពលរដ្ឋខ្មែរ ដែលបានឆ្លងជំងឺកូវីដ-១៩។ ការបញ្ជាក់នេះ គឺបន្ទាប់ពីមានការអះអាងថា មានពលរដ្ឋខ្មែរ ពិសេសពលករខ្មែរ កាន់តែច្រើនឡើង បានស្ថិតក្នុងចំណោមអ្នកឆ្លងកូវីដ១៩ យ៉ាងគំហុក នៅប្រទេសថៃ។ 

 


ថ្នាក់ដឹកនាំ និងមន្ត្រីស្ថានទូត ស្ថានកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃកំពុងខ្នះខ្នែងផ្ដល់កិច្ចអន្តរាគមន៍អស់ពីលទ្ធភាពដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតក្នុងគ្រាលំបាក ពិសេសពលរដ្ឋ និងក្រុមពលករដែលបានឆ្លងជំងឺកូវីដ-១៩នៅប្រទេសក្បែរខាងមួយនេះ។


ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃកំពុងខិតខំសហការជាមួយអាជ្ញាធរ និងក្រុមហ៊ុនថៃ ដើម្បីជួយដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំង។ 

 


ការបញ្ជាក់ព័ត៌មាននេះរបស់អ្នកនាំពាក្យក្រសួងកាបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់អង្គការសង់ត្រាល់ដែលធ្វើការងារពាក់ព័ន្ធនឹងពលករនោះ ចេញការអះអាងថាយ៉ាងហោចណាស់មានពលករខ្មែរប្រមាណ៩ពាន់នាក់បានឆ្លងជំងឺកូវីដ១៩នេះនៅក្នុងប្រទេសថៃ និងថាពួកគេពុំទទួលបានការយកចិត្តទុកដាក់ព្យាបាលឱ្យបានដិតដល់នោះទេ។ 


ត្រង់ចំណុចនេះ ឯកឧត្តម កុយ គួង ពេលនេះស្ថានឯកអគ្គរាជទូត និងស្ថានកុលស៊ុលកម្ពុជានៅថៃ កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីផ្ទៀងផ្ទាត់ចំនួនពលរដ្ឋខ្មែរ ពិសេសក្រុមពលករដែលបានឆ្លងជំងឺកូវីដ-១៩ ព្រោះអាចមានការច្រឡំជាមួយពលករបរទេសផ្សេងៗទៀត និងបានខិតខំខ្នះខ្នែងសហការជាមួយភាគីមន្ទីរពេទ្យថៃឱ្យយកចិត្តទុកដាក់ព្យាបាលពលករខ្មែរដែលបានឆ្លងជំងឺ Covid-19។

 


សូមបញ្ជាក់ថាថៃកំពុងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ខ្លាំង ដោយមានអ្នកឆ្លងដល់ខ្ទង់ពាន់នាក់ក្នុង១ថ្ងៃៗ ហើយថ្ងៃខ្លះ មានអ្នកឆ្លងដល់ទៅជាង១ម៉ឺននាក់។ គិតត្រឹមថ្ងៃទី២០ ខែកក្កដាម្សិលមិញ ប្រទេសភូមិផងកម្ពុជាមួយនេះមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង៤២ម៉ឺននាក់ ហើយ ក្នុងនោះជាសះស្បើយ៣០ម៉ឺនាក់ និងស្លាប់ជាង៣ពាន់នាក់។


កម្ពុជាមានពលរដ្ឋ ភាគច្រើនជាពលករប្រមាណ១លាន២សែននាក់កំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចេញផ្សាយជាបន្តបន្ទាប់នូវការអំពាវនាវដល់ពលរដ្ឋខ្មែរនៅទីនោះបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងទទូចកុំឱ្យទាន់វិលមកប្រទេសកម្ពុជាវិញដើម្បីបង្ការការនាំមេរោគបំប្លែងថ្មី ខណៈអាជ្ញាធរថៃបានផ្ដល់ការអនុគ្រោះមិនចាប់ទោសអូសដំណើរលើពលករដែលស្នាក់នៅហួសទិដ្ឋាការឡើយ៕


អត្ថបទ៖ រ៉េន រតនៈ    រូបភាព៖ ឯកសារ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024