ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បាត់ដំបងប្រកាសបិទផ្សារទាំងអស់ ក្នុងខេត្តរយៈពេល ១សប្ដាហ៍

១៣ សីហា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការសម្រេចបិទផ្សារលក់ដូរទាំងអស់ រយៈពេល ១សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេច ៤ទំព័រ ចុះហត្ថលេខា ដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា។

 


បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ទីតាំងផ្សារទាំងអស់ ក្នុងភូមិសាស្រ្តខេត្តជាប់ព្រំដែនកម្ពុជា-ថៃមួយនេះ នឹងត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ខែសីហា ពោលគឺរយៈពេល១សប្ដាហ៍ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា។ 

 


រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ផ្សារទាំងអស់ដែលត្រូវបិទខ្ទប់ទូទាំងខេត្តរយៈពេល១សប្ដាហ៍នេះ មានសរុបចំនួន៥៩ផ្សារឯណោះ រាប់ចាត់តាំពីផ្សារនៅតាមក្រុង ស្រុក និងឃុំនានាទាំងខេត្ត ហើយរដ្ឋបាលក្រុង ស្រុក ត្រូវហ៊ុព័ទ្ធ និងផ្អាកការចេញ-ចូលទីតាំងទាំងនេះ និងកំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន នៅទីកន្លែងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរគ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយទៅមួយចន្លោះពី ៥ម៉ែត្រ ទៅ៧ម៉ែត្រ។ 

 


រដ្ឋបាលខេត្តបានផ្ដល់សិទ្ធិឱ្យរដ្ឋបាលក្រុងស្រុកសម្រេចបិទភ្លាមៗនៅទីតាំងលក់ដូរណាដែលរក្សាគម្លាតមិនបានល្អ។


សូមបញ្ជាក់ថាខេត្តបាត់ដំបង ស្ថិតក្នុងចំណោមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃ ដែលរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ ហើយកាលពីយប់មិញនេះបានបន្តបិទខ្ទប់រយៈពេល១សប្ដាហ៍ទៀត ដើម្បីបង្ការទប់ស្កាត់ការឆ្លរីករាលដាលមេរោគបំប្លែងថ្មី ដែលតា។ មេរោកដែលតា ដែលពេលនេះត្រូវបានរកឃើញជាបន្តបន្ទាប់ទាំងករណីនាំចូលពីប្រទេសថៃ និងវៀតណាមតាមព្រំដែនគោក និងអ្នកដំណើរមកពីក្រៅប្រទេសតាមយន្តហោះ៕


អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024