ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ខេត្តបាត់ដំបង រកឃើញជយលាភីប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈ ក្នុងកម្មវិធីវោហារឆ្នើម

២៧ កក្កដា ២០២១ | ព័ត៌មានជាតិ

កម្មវិធីវោហារឆ្នើម នៅខេត្តបាត់ដំបង ការប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈ បានរកឃើញម្ចាស់ជ័យលាភីហើយ ក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង។ ម្ចាស់ជ័យលាភី គឺជាសិស្សានុសិស្សរៀននៅតាមវិទ្យាល័យ ក្នុងខេត្តបាត់ដំបង និងបានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល ទាំងការប្រកួតជាក្រុម និងជាបុគ្គល។ 

 


ឆ្លងកាត់រយៈពេលជាង  ៦០ថ្ងៃចាប់តាំងពីថ្ងៃដាក់ពាក្យ និងវគ្គជម្រុះជាបន្តបន្ទាប់ ទីបំផុតខេត្តបាត់ដំបងរកឃើញជើងខ្លាំងជាក្រុម និងជាបុគ្គល ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ ក្នុងកម្មវិធីវោហារឆ្នើម ដែលមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួន សុភី ស សុខា ជាសហស្ថាបនិកហើយ។ ពិធីប្រកួតវគ្គផ្ដាច់ព្រ័តបានប្រព្រឹត្តឡើងដោយផ្ទាល់នៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង និងមានការអញ្ជើ្ជញជាអធិបតីពីសំណាក់សម្ដេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀតតាមបណ្ដាញពីវីដេអូសន្និសីទ Zoom ។

 

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានប្រតិបត្តិ កម្មវិធីវោហារឆ្នើម បានឱ្យដឹងថា កម្មវិធីនេះ បង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សកម្រិតវិទ្យាល័យបានបញ្ចេញទេព្យកោសល្យ សមត្ថភាព ចំណេះដឹងភាសាអង់គ្លេសដែលបានសិក្សាពីលោកគ្រូអ្នកគ្រូនៅតាមសាលារៀន និងតាមរយៈកម្មវិធីបំប៉នតាមរយៈវគ្គបណ្ដុះបណ្ដាលដើម្បីបង្ហាញ និងធ្វើការប្រកួតប្រជែងជាបុគ្គល និងជាក្រុម និងធ្លាប់បានធ្វើឡើងដោយជោគជ័យនៅខេត្តព្រៃវែង ព្រមទាំងគ្រោងរៀបចំឡើងនៅខេត្តបន្ទាយមានជ័យទៀតផង។

 


បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងពេញមួយក្រោម គណៈកម្មការបានសម្រេចផ្ដល់លទ្ធិផលភីលេខ១ វិញ្ញាសារឯកបុគ្គលបានទៅលើបេក្ខនារី San Nika Marie លេខ២បានទៅលើបេក្ខនារី Heang Kemhouy និងបានសម្រេចផ្ដល់ជ័យលាភីលេខ១ វិញ្ញាសារជជែកជាក្រុមបានទៅលើក្រុមបេក្ខជន Seng Maomeng បេក្ខនារី Mony Marida បេក្ខនារី Pov Viriya និងលេខ២បានទៅលើក្រុមបេក្ខនារី Chhor Youkheng បេក្ខនារី Pa Sopheavoleak និងបេក្ខនារី Lim Kunthea។


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះបេក្ខជនជយលាភីលេខ១ និងលេខ២ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់គណៈកម្មការ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងក្រសួងអប់រំយុវជន និងកីឡា ក្នុងនោះមានឯកឧត្តម ស សុខា ដែលបានផ្ដូចផ្ដើមបង្កើតកម្មវិធី វោហារឆ្នើម នេះឡើង ក្នុងន័យដើម្បីបំផុសការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស បើទោះបីជាពេលនេះកំពុងមានការប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

 

 

សម្ដេចក៏បានក៏បានផ្ដល់ការលើកទឹកចិត្តដល់បេក្ខជនដែលមិនជាប់ជ័យលាភីថា«នេះមិនមែនជាការបរាជ័យទេ ព្រោះការបរាជ័យលើកដំបូង គឺជាការចាប់ផ្ដើមឈានទៅរកជោគជ័យ សូមកុំទំលាក់ចោលក្ដីសង្ឃឹម ដ្បិតយ៉ាងហោចណាស់យើងមានមេរៀន និងបទពិសោធន៍ថ្មីមួយសម្រាប់ការដណ្ដើមយកជោគជ័យនៅថ្ងៃខាងមុខ។ ចំណែកអ្នកជោគជ័យក៏ត្រូវបន្តការខិតខំដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាននាពេលអនាគត។ គឺគោលដៅដែលអាចជាការទទួលបានការងារសមស្របនឹងសមត្ថភាព ហើយទទួលបានកម្រៃសមនឹងការងារ ទាំងវិស័យឯកជន និងសាធារណៈ»។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតនេះ កម្មវិធីវោហាឆ្នើម បានផ្ដល់រង្វាន់លើកទឹកចិត្ត រួមមានពានរង្វាន់ ថវិកា អាហារូបករណ៍ ស សុខា និងលេបថប៕

 

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ក្រុមការងារវោហារឆ្នើម

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024