ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជំនាញ ជំរុញសហគមន៍អេកូទេសចរណ៍អូរជាំ ក្នុងខេត្តបាត់ដំបង អោយចូលរួមថែរក្សាបរិស្ថាន និងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន 

២៥ កញ្ញា ២០២០ | ព័ត៌មានជាតិ

គណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំងឺអេដស៍ របស់ក្រសួងបរិស្ថាន បានជំរុញអោយសហគមន៍អេកូទេសចរណ៍អូរជាំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចូលរួមថែរក្សាបរិស្ថាន និងបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងសហគមន៍។  ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងពេលដឹកនាំប្រតិភូ សំណេះសំណាល និងផ្សព្វផ្សាយពីផលប៉ះពាល់ ព្រមទាំងគ្រោះថ្នាក់នៃគ្រឿងញៀន និងបង្ការមេរោគអេដស៍ អនាម័យបរិស្ថាន ដល់ប្រជាសហគមន៍។ 

 


បើតាម ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការនិងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍របស់ក្រសួងបរិស្ថាន បានបញ្ជាក់ថាការជំរុញសហគមន៍អេកូទេសចរណ៍អូរជាំក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចូលរួមថែរក្សាបរិស្ថាននិងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនពីសំណាក់មន្ត្រីជំនាញនេះគឺក្នុងគោលបំណងថែរក្សាបរិស្ថានអោយកាន់តែស្អាតស្រស់បំព្រង គ្មានបញ្ហាគ្រឿងញៀន ដើម្បីរក្សាបានទំនុកចិត្តដល់ភ្ញៀវដែលមកលេងកម្សាន្ត។

 


ឯកឧត្តម រដ្ឋលេខាធិការ ក៏បានសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំថែរក្សាតំបន់អេកូធម្មជាតិអូរជាំនេះ អោយមានបរិស្ថានស្អាតស្រស់បំព្រង រក្សាបានភាពកក់ក្តៅដល់ភ្ញៀវមកលេងកម្សាន្តយ៉ាងសប្បាយ។

 


ជាមួយគ្នានោះ លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើង ពីបញ្ហានានាពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដែលនាំឱ្យមានអំពើហិង្សានិងឧក្រិដ្ឋកម្ម ចំពោះក្រុមគ្រួសារខ្លួនឯង ក្រុមគ្រួសារអ្នកជិតខាង និងបំផ្លាញសុវត្ថិភាពសហគមន៍ នាំឱ្យទេសចរ ភ័យខ្លាច មិនហ៊ានមកលេងកម្សាន្ត នាំឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍ផងដែរ។ 

 


គួរបញ្ជាក់ថា សហគមន៍អូរជាំ ស្ថិតនៅភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។សហគមន៍នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងអភិរក្សតំបន់ធម្មជាតិ មួយនេះឱ្យនៅគង់វង្ស ទាក់ទាញភ្ញៀវទេសចរណ៍-អន្តរជាតិ មកលេងកម្សាន្តជាមួយទឹកធ្លាក់ចំនួន៤ជាន់ គឺទឹកធ្លាក់ដំណាក់ព្រះ ដំណាក់ថ្មបៀម ទឹកធ្លាក់ទី២ និងទឹកធ្លាក់ទី៣ និងបឹងអូរជាំ ដែលមានទឹកថ្លា ឈ្វេងត្រជាក់ស្រួល ដែលភ្ញៀវអាចងូតកម្សាន្ត៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024