ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

 អ៊ុន អាលីហ្សា បោះបង់សិល្បៈចោលទាំងស្រុងក្រោយចេញទៅរស់នៅ អាមេរិក  

១៤ មិថុនា ២០២១ | កម្សាន្ដ

ក្រោយបានទៅរស់នៅលើទឹកដីអាមេរិកជាផ្លូវការតារាសម្ដែងនាង អ៊ុន អាលីហ្សា បានសម្រេចចិត្តបោះបង់អាជីពជាអ្នកសិល្បៈទាំងស្រុង។ គ្រាន់តែតារាសម្តែង អ៊ុន អាលីហ្សា ទទួលបានសិទ្ធក្នុងការចេញទៅរស់នៅ សហរដ្ឋអាមេរិក ភ្លាម នាងបានប្រញាប់ប្រញាល់ទិញសំបុត្រយន្តហោះឡើងទៅជួបស្វាមីជាទីស្រឡាញ់ភ្លែត ដោយក្នុងនោះនាងបានប្រកាសឈប់ជាផ្លុវការពីអាជីពជាតារាសម្ដែងរបស់ខ្លួន។

 


តារាសម្តែងរូបនេះ បានរៀបការជាមួយបុរស ខ្មែរ រស់នៅ អាមេរិក ជាង ២ ឆ្នាំហើយ ហើយថែមទាំងទទួលបានកូនស្រីម្នាក់អាយុមួយឆ្នាំជាចំណងដៃ ប៉ុន្តែនាងនៅពុំទាន់ទទួលបានសិទ្ធក្នុងការ ចេញទៅរស់នៅជាមួយស្វាមីទៀត រហូតធ្វើឱ្យនាងខ្វាយខ្វល់យ៉ាងខ្លាំង ដែលត្រូវរស់នៅបែកស្វាមី ជាទីស្រឡាញ់ ។ 

 


ទោះជាយ៉ាងនេះក្តីស្វាមី អ៊ុន អាលីហ្សា មិនបណ្តោយឱ្យនាងនិងកូនរស់នៅឯកោរនោះទេ ផ្ទុយទៅវិញគេបានខំប្រឹងប្រែងរត់ការដើម្បីបានរស់នៅជុំគ្នាឆាប់បំផុត ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ៊ុន អាលីហ្សា ទទួលបានសិទ្ធិក្នុងការចេញទៅរស់នៅ សហរដ្ឋអាមេរិក ដោយស្របច្បាប់ហើយ ។ 

 


ជួបជាមួយ អ៊ុន អាលីហ្សា  កាលពីពេលថ្មីៗនេះ នាងបានរៀបរាប់ប្រាប់ថា នាងបានមកដល់ សហរដ្ឋអាមេរិក រយៈពេលជាង ១០ ថ្ងៃហើយ ក្រោយពីទទួលបានសិទ្ធរស់នៅទីនោះដោយស្របច្បាប់ នាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានរស់នៅជុំស្វាមី ដែលជាក្តីស្រមៃ ជាយូឆ្នាំមកហើយ ។ 

 


ការចាកចេញរបស់តារាសម្តែងនិងជាតារាបង្ហាញម៉ូដល្បីឈ្មោះ អ៊ុន អាលីហ្សា មិនត្រូវបានមិត្តសិល្បៈដឹងលឺនោះទេ ដោយសារនាងបានចេញទៅយ៉ាងតក់ក្រហល និងស្ងប់ស្ងាត់បំផុត តែទោះជាយ៉ាងនេះក្តីមិត្តសិល្បករជាច្រើនបានផ្ញើសារជូនពរឱ្យនាងមានសុភមង្គលក្នុងជីវិត ។ 

 


ជាមួយនិងការសាងជីវិតថ្មីនៅលើទឹកដីថ្មី អ៊ុន អាលីហ្សា មិនទាន់មានគម្រោងធ្វើការងារអ្វីមួយនៅឡើយទេ ស្វាមីនាងចង់ឱ្យនាងនៅផ្ទះមើលថែទាំកូនស្រីដែលទើបតែមានវ័យទើបតែ ១ ឆ្នាំ ច្រើនជាងទៅបំពេញការងារនៅខាងក្រៅ ។ 

 


តារាសម្តែង អ៊ុន អាលីហ្សា បានសម្រេចចិត្តបោះបង់អាជីពសិល្បៈចោលទាំងស្រុង ក្រោយចេញទៅរស់នៅ និងសាងជីវិតថ្មីនៅលើទឹកដីថ្មី ទៅថ្ងៃអនាគតនាងត្រូវធ្វើការ និង ជួយមើលការខុសត្រូវហាង រកស៊ីរបស់ស្វាមីខ្លួន ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024