ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០០.០០០ ដុល្លារ ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

០៦ ឧសភា ២០២១ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១  ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាពីឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ចំនួន ២០០.០០០ ដុល្លារអាមេរិក តាមរយៈតំណាងឯកឧត្តមអ្នកឧកញ៉ា ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ។

 


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ដែលបានចាត់តំណាងនាំយកថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់អ្នកជំងឺកូវីដ និងមន្រ្តីជួរមុខ នៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) ក្នុងក្រុងព្រះសីហនុ ហើយការនាំយកថវិកាមកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ បញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ។

 


ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ- ១៩ នៅខេត្តព្រះសីហនុ  ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយ ចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។ ម្យ៉ាងទៀតថវិកាទាំងនេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ផ្គត់ផ្គង់អ្នកជំងឺ និងមន្ត្រីជួរមុខរបស់យើង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:  ៕

 


អត្ថបទ និងរូបភាព៖ ហ៊ុយ ប៊ុនឡេង
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024